រវាង បឺត សង្ឃឹម ឬ ពេជ្រ ប៊ុនសិទ្ធ តើនរណាជាម្ចាស់ខ្សែក្រវាត់ហនុមានគុនខ្មែរ គីឡូ ៥៧?
(ប្រដាល់)៖ អ្នកលេងចិត្តសាស្រ្ត បឺត សង្ឃឹម នឹងត្រូវតតាំងជាមួយកីឡារកវាយបុកមិនដកថយដំរីយោលដៃ ពេជ្រ ប៊ុនសិទ្ធ ក្នុងការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ហនុមានគុនខ្មែរ ប្រភេទទម្ងន់ ៥៧គីឡូក្រាម នៅស្ទួឌីយោទូរទស្សន៍បាយ័នស្ទឹងមានជ័យ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
មែនទែនទៅ អ្នកទាំងពីរធ្លាប់ប៉ះពារពាក្យសំដីឌឺដងគ្នាទៅវិញទៅមករួចហើយក្នុងនាមជាកីឡាករ ខណៈការទន្ទឹមរង់ចាំ និងចិញ្ចឹមចិត្តប៉ងជួបគ្នា បានសម្រេចដូចបំណងហើយ។ កំពូលកីឡាករគុនខ្មែរពីររូប ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម មិនដែលប៉ះគ្នាពីមុនមកទេ ពេលនេះពួកគេទាំងពីរនឹងជួបគ្នាអង្រួនលើសង្វៀនជូនអ្នកគាំទ្រគុនខ្មែរទាំងអស់គ្នា ខណៈការធ្វើសន្និសីទកាសែតថ្ងៃនេះកីឡាករទាំងពីរដាក់ចិត្តដាក់កាយវាយឱ្យអស់ពីសមត្ថភាពស្វែងរកជ័យជម្នះរៀងៗខ្លួន។
ការប្រកួតដ៏កម្រមួយនេះគឺប្រកួតដណ្តើមខ្សែប្រវាត់មួយខ្សែរួមជាមួយទឹកប្រាក់ ២០លានរៀល សម្រាប់អ្នកឈ្នះ ហើយអ្នកចាញ់គឺបាន ១២លានរៀន ខណៈទាំងសងខាងបានព្រមព្រៀងគ្នារួចរាល់ហើយគឺវាយហ្គង់ចេញម្រាម ប្រកួត៣ទឹក។
អ្នកនិយមទស្សនាកីឡាប្រដាល់កំពុងតែទន្ទឹងរង់ចាំមើលថាតើរវាងបឺត កូនសិស្សលោក សេន ប៊ុនថេន និង ពេជ្រ ប៊ុនសិទ្ធ កូនសិស្សលោក ពេជ្រ សុផាន់ មួយណាសម្រេចគោលដៅដណ្ដើមបានខ្សែក្រវាត់ជើងឯក ដែលមានទឹកប្រាក់២០លានរៀលមកគ្រប់គ្រង។
ជាការពិតណាស់ រវាង បឺត សង្ឃឹម និង ពេជ្រ ប៊ុនសិទ្ធ សុទ្ធតែជាអ្នកប្រដាល់ដែលមានវិជ្ជាគុនល្អដូចគ្នា ដូច្នេះទាំងសងខាងមិនហ៊ានប្រហែសសម្រាប់ការប្រកួតដ៏សំខាន់នេះទេ ។ ពេជ្រ ប៊ុនសិទ្ធ ដែលជាកូនសិស្សលោក ពេជ្រ សុផាន់ គឺជាប្រភេទកីឡាករធន់ ហើយដើរបុក ចំណែកចិត្តក៏សឿងណាស់ដែរ ។ លើកនេះគេប៉ះចំបឺត សង្ឃឹម ដែលពូកែប្រើកែង ជង្គង់ និងការវាយចេញរហ័ស ច្បាស់ជាកក្រើកសង្វៀនមិនខាន។
ក្រៅពីគូដណ្ដើមខ្សែក្រវាត់ នៅមានគូពិសេសៗមួយចំនួនទៀត ដូចជាពេជ្រ វិបុលសុខ ប្រកួតជាមួយ រិគី ពៅអាគម៌, សេក ដារ៉ាន់ ជួបរិទ្ធី នឹមណូ និងមាស តេជៈ ប្រកួតជាមួយ សេក ចៅជូត ស្របពេលដែល ពេជ្រ សម្បត្តិ ត្រូវប្រកួតគូអន្តរជាតិ ទល់នឹងកីឡាករអ៊ីរ៉ង់ Mehrdad Khanzadeh។
ដូច្នេះរង់ចាំមើលទាំងអស់គ្នាតើកីឡាកររូបណាជាអ្នកគ្រងខ្សែក្រវាត់ ហើយជាជើងខ្លាំងប្រចាំគីឡូ៥៧?