ក្រុមហ៊ុនរបស់ចិន ៣ ស្វែងរកឱកាសវិនិយោគលើដំណាំ ប្រេងខ្សល់ អំពៅ ការចិញ្ចឹមត្រីទឹកប្រៃ និងការដំាដុះដំណាំស្រូវ
ភ្នំពេញ៖ ក្រុមហ៊ុនចិនចំនួន៣ រួមមាន Jinshan Hi-Tech Group, Nature Home Group, និងក្រុមហ៊ុន GXAS High Technology Group ព្រមទាំងតំណាងកុងស៊ុលមកពីខេត្តហ្គង់ស៊ីប្រទេសចិនបានស្វែងរកឱកាសវិនិយោគលើដំណាំ ប្រេងខ្សល់ អំពៅ ការចិញ្ចឹមត្រីទឹកប្រៃ និងការដំាដុះដំណាំស្រូវ។
ការស្វែងរកឱកាសវិនិយោគរបស់ក្រុមហ៊ុនខាងលើនេះ ធ្វើឡើង ក្នុងពេលតំណាងរបស់ខ្លួន បានចូលសម្តែងការគួរសមនិងជួបពិភាក្សារការងារជាមួយ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៤ ។
ក្នុងជំនួបនោះ លោកបណ្ឌិតប្រតិភូ បានជម្រាបជូនដល់គណប្រតិភូក្រុមហ៊ុនចិនពីគោលការណ៍របស់ធនាគារ ARDB ជាធនាគារគោលនយោបាយរបស់រដ្ឋបាននិងកំពុងផ្តល់ឥណទានគាំទ្រដល់វិស័យកសិកម្ម ជាពិសេសឥណទានបៃតងដែលកំពុងតែពេញនិយមនិងទើបតែដាក់អនុវត្តរួចមកហើយ ។
លោកបណ្ឌិត បន្តថា ធនាគារ ARDB ត្រៀមសហការជានិច្ចក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ហើយសង្ឃឹមថា ក្រុមហ៊ុនចិន នឹងនាំយកបច្ចេកវិទ្យាមកអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម។
លោក Se Hok Pan ប្រធានក្រុមហ៊ុន Nature Home Group ចាត់ទុកថា ទស្សនកិច្ចថ្ងៃនេះគឺមានបំណងស្វែងរកការវិនិយោគលើដំណាំ ប្រេងខ្សល់ អំពៅ ការចិញ្ចឹមត្រីទឹកប្រៃ និងការដំាដុះដំណាំស្រូវ ហើយថ្មីៗនេះ បានសហការជាមួយ ក្រុមហ៊ុន GXAS High Technology Group លើកិច្ចការពារផ្នែកបរិស្ថាន និងកំពុងស្វែងរកដៃគូរពាក់ព័ន្ធនៅកម្ពុជា ដើម្បីលើកកម្ពស់លើផ្នែកបច្ចេកវិទ្យាក្នុងការដាំដុះនៅកម្ពុជាផងដែរ៕