Close

រាជរដ្ឋាភិបាល នឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីផ្តល់ភាពងាយស្រួលជូនដល់ប្រជាជននៅទូទាំងប្រទេស

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានជាតិ
រាជរដ្ឋាភិបាល នឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីផ្តល់ភាពងាយស្រួលជូនដល់ប្រជាជននៅទូទាំងប្រទេស រាជរដ្ឋាភិបាល នឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីផ្តល់ភាពងាយស្រួលជូនដល់ប្រជាជននៅទូទាំងប្រទេស

រាជរដ្ឋាភិបាលបានបង្ហាញពីឆន្ទៈយ៉ាងមុះមុតក្នុងការបន្តផ្តល់អាទិភាពក្នុងកិច្ចអភិវឌ្ឍតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសកម្ពុជា ដើម្បីជួយសម្រួល និងផ្តល់ភាពងាយស្រួលដល់វិស័យដឹកជញ្ជូន ដែលជាចលករយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ក៏ដូចជាទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា រាជរដ្ឋាភិបាលមានគម្រោងក្នុងការអភិវឌ្ឍ និងស្ដារធ្វើឱ្យប្រសើរឡើងនូវគុណភាពបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅទូទាំងប្រទេស ដើម្បីបង្កភាពងាយស្រួលដល់ប្រជាជនទូទៅក្នុងការធ្វើដំណើរ ក៏ដូចជាបណ្តាអ្នកវិនិយោគលើវិស័យដឹកជញ្ជូន។ ជាក់ស្ដែង ក្រៅពីផ្លូវចំនួន២ខ្សែដែលទើបសម្ពោធដាក់ដំណើរនៅខេត្តព្រះសីហនុកាលពីសប្ដាហ៍មុន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបើកសម្ពោធការដ្ឋានគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ពីថ្នល់ទទឹង ខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី ខេត្តកំពត ដែលឆ្លងកាត់ខេត្តចំនួន៤គឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ៖ «ក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាការដឹកនាំប្រកបដោយភាពឈ្លៀសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់លទ្ធភាពគ្រប់គ្រាន់ដល់ប្រជាជននៅទូទាំងប្រទេសក្នុងការប្រកបអាជីវកម្មនានា និងទទួលបានចំណូលលើកកម្ពស់ជីវភាពគ្រួសារបានយ៉ាងប្រសើរ»។

នៅក្នុងឱកាសនេះផងដែរថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីគម្រោងអាទិភាពដែលនឹងត្រូវសាងសង់នៅឆ្នាំបន្ទាប់ផងដែរថា ក្រៅពីគម្រោងស្ដារ និងលើកកម្ពស់ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤១ នេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញ និងចាត់បញ្ចូលនូវគម្រោងអភិវឌ្ឍអាទិភាពថ្មីៗបន្ថែមទៀត ដែលក្នុងនោះរួមមានដូចជា ៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣១, ផ្លូវ៣៣, កំណាត់ផ្លូវតភ្ជាប់ពីព្រលានយន្ដហោះអន្តរជាតិ-សៀមរាបថ្មី, គម្រោងពង្រីកផ្លូវជាតិលេខ៧ (ម្ដុំស្គុនដល់ក្រុងកំពង់ចាម), គម្រោងផ្លូវជាតិលេខ ៦៧-៦៨, កំណាត់ផ្លូវលេខ៣៣ (តំបន់វាលរិញ), គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៨។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានគម្រោងសាងសង់ផ្លូវជាតិថ្មីៗមួយចំនួនទៀត ដូចជា គម្រោងផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប, គម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំឆ្លងកាត់បឹងទន្លេសាបទៅកាន់ខេត្តកំពង់ធំ , គម្រោងផ្លូវជាតិលេខ ៥០c , គម្រោងផ្លូវល្បឿនលឿន(ភ្នំពេញ-បាវិត), ផ្លូវល្បឿនលឿន (ភ្នំពេញ-សៀមរាប), គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ, គម្រោងស្ពានឆ្លងទន្លេបាសាក(ចាក់អង្រែ-ព្រែកប្រា), គម្រោងសាងសង់ផ្លូវដែកល្បឿនតភ្ជាប់ខេត្តសំខាន់ៗ រួមជាមួយនឹងគម្រោងផ្លូវដែកក្រោមដីក្នុងរាជធានីភ្នំពេញ ខណៈដែលគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់(ពីផ្សារចាស់-តំបន់ជ្រោយចង្វារ) និងស្ពានឆ្លងទន្លេមេគង្គមួយខ្សែទៀត (ពីជ្រោយចង្វារទៅកាន់អរិយក្សត្រ) ជាគម្រោងអាទិភាព និងចាប់បើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ៕

 

អត្ថបទទាក់ទង