សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារខុនដូ KY iCenter និង បើកការដ្ឋានសាងសង់អគារ Picasso II
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារខុនដូ KY iCenter និងពិធីបើកការដ្ឋានសាងសង់អគារ Picasso II នៅសណ្ឋាគារសុខាភ្នំពេញ។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Titan Stone Real Estate Group និងក្រុមហ៊ុន Picasso City Garden Development ដែលបានរួមគ្នាបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ទោះស្ថិតនៅក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩កន្លងមកក្ដី។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន និងសមាគមអ្នកវិនិយោគចិននៅកម្ពុជា នឹងបន្តជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងទាក់ទាញវិនិយោគិនបរទេសពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគប្រកបដោយសក្តានុពល សម្រាប់ការវិនិយោគផ្ទាល់ ឬចាប់ដៃគូធុរកិច្ចជាមួយវិនិយោគិនក្នុងស្រុក ដើម្បីវិនិយោគលើវិស័យអាទិភាពខ្ពស់ដូចជា កសិកម្មនិងកសិឧស្សាហកម្ម, កម្មន្តសាលយានយន្ត និងអេឡិចត្រូនិក, ការអភិវឌ្ឍសួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេស, ទេសចរណ៍និងបដិសណ្ឋារកិច្ច, និងបច្ចេកវិទ្យាឌីជីថលនិងបៃតងជាដើម៕