រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេបង្ហាញវត្តមាននៅក្នុងខេត្តពោធិ៍សាត់ហើយ
ពោធិ៍សាត់៖ រោងចក្រដំឡើងរថយន្តអគ្គិសនី (ដឹកទំនិញ) ដំបូងគេនៅកម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពិធីនេះ ធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ ថ្លែងថា រោងចក្រនេះគឺជារោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេនៅកម្ពុជា ដែលមានសមត្ថភាពផលិតរថយន្តចំនួន ៣០០០ គ្រឿងសម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក។ រោងចក្រដំឡើងរថយន្តអគ្គិសនីបន្ថែមទៀតនឹងចាប់ផ្តើមដំណើរការនៅកម្ពុជានាពេលអនាគត។
ជាមួយគ្នានោះ ឯកឧត្តម កែវ រតនៈ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Zo Moters ដែលបានជ្រើសរើសប្រទេសកម្ពុជាជាការវិនិយោគដំបូងគេនៅក្នុងតំបន់អាស៊ាន និងខេត្តពោធិ៍សាត់ ជាទីតាំងសម្រាប់ដំឡើងរថយន្តអគ្គិសនី។
បើតាមរដ្ឋមន្ត្រី រូបនេះ ការសាងសង់រោងចក្រដំឡើងរថយន្តដឹកទំនិញដើរដោយថាមពលអគ្គិសនីសម្រាប់ប្រើក្នុងស្រុក និងនាំចេញបានចាប់ផ្តើមនៅស្រុកក្រគរខេត្តពោធិ៍សាត់។ នេះជាការរីកចម្រើនថ្មីមួយទៀតក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕