Close

តើ Elon Musk ក្លាយជាកំពូលមហាសេដ្ឋីលំដាប់ទី១នៅលើពិភពលោកដោយរបៀបណា?

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
តើ Elon Musk ក្លាយជាកំពូលមហាសេដ្ឋីលំដាប់ទី១នៅលើពិភពលោកដោយរបៀបណា? តើ Elon Musk ក្លាយជាកំពូលមហាសេដ្ឋីលំដាប់ទី១នៅលើពិភពលោកដោយរបៀបណា?

បរទេស៖ លោក Elon Musk បច្ចុប្បន្នត្រូវបានគេស្គាល់ថា ជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិគិតជាលុយច្រើនជាងគេបំផុត​នៅ​ក្នុង​លោករហូតដល់ ១៩៥ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣)។ ប្រភពចំណូលធំរបស់លោកដែលត្រូវបានគេមើលឃើញជាក់ស្ដែងនាពេលបច្ចុប្បន្នគឺបានមកពី​ Tesla ដែលជាក្រុមហ៊ុនផលិត​រថយន្ត​អគ្គិសនីរបស់អាមេរិក និងកំពុងឈានមុខគេនៅលើទីផ្សារ។ ប៉ុន្តែបើសិនជាសិក្សាពីបុគ្គលរូបនេះឱ្យបានច្បាស់ ទើបយើងដឹងថា គាត់មានលុយ​ច្រើនសន្ធឹកតាំងពីមុនពេលឈានជើងចូលក្រុមហ៊ុន Tesla មកម្ល៉េះ។

ខាងក្រោមនេះគឺជាប្រវត្តិការងារ និងការសាងប្រាក់ចំណូលរបស់លោក Elon Musk មុនក្លាយជាកំពូលមហាសេដ្ឋី៖

លោក Elon Musk បានបោះបង់ការសិក្សានៅសកលវិទ្យាល័យ Stanford University នាឆ្នាំ១៩៩៥ ខណ:ដែលលោកទើប​​តែចូលរៀនបានចំនួនពីរថ្ងៃ ដោយងាកមកចាប់ផ្ដើមមុខជំនួញផ្ទាល់ខ្លួនវិញ ដោយបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Zip2។ Zip2 ជាក្រុមហ៊ុនស្វែងរកទីតាំង​ផ្សេងៗនៅលើអ៊ីនធើណែត និងជាក្រុមហ៊ុនដំបូងដែល​លោក​បានបង្កើតឡើងជាមួយនឹងប្អូនប្រុសបង្កើត។

ប្រាក់ទុនសម្រាប់បង្កើតក្រុមហ៊ុនមួយនេះគឺបាន​មកពីប្រភពវិនិយោគមួយដែលមានឈ្មោះ Angel Investor (វិនិយោគដោយការផ្ដល់ដើមទុនសម្រាប់អាជីវកម្មដែលទើបចាប់ផ្ដើម ដើម្បីប្ដូរបាន​ជាភាគហ៊ុនត្រឡប់មកវិញ ប៉ុន្តែវាជាការវិនិយោគមានហានិភ័យខ្ពស់)។ នៅដើមឆ្នាំ ១៩៩៩ ក្រុមហ៊ុន Zip2 ត្រូវបាន​ក្រុមហ៊ុនផលិតកុំព្យូទ័រអាមេរិក Compaq ទិញយកក្នុងតម្លៃ ៣០៧លានដុល្លារអាមេរិក ដោយក្នុង​នោះ​លោក Elon Musk​ ទទួលបានប្រាក់ត្រឹមតែ ២២លានដុល្លារអាមេរិក ព្រោះលោក មានភាគហ៊ុនត្រឹមតែ ៧ភាគរយប៉ុន្តែ។ ជាមួយនឹងប្រាក់ ២២លានដុល្លារអាមេរិកនេះហើយ ដែលនាំឱ្យលោក Elon Musk មានក្ដីសង្ឃឹម និងឈានទៅបង្កើតក្រុមហ៊ុនថ្មី។

លោក Elon Musk បានចាប់ផ្ដើមបង្កើត​ក្រុមហ៊ុន​ថ្មី​មួយទៀត ដែលមានឈ្មោះថា X.com ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុនៅលើអនឡាញដំបូងគេ នៅឆ្នាំ១៩៩៩។ ក្រោយពីបានដំណើរបានបន្តិច X.com ក៏បានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Confinity ដែល​ជាគូប្រជែងរបស់ខ្លួន និងបានប្ដូរទៅជាក្រុមហ៊ុនថ្មី ដែលមានឈ្មោះថា PayPal។ ដោយមើលឃើញពី​វិសាលភាពរបស់ PayPal នៅឆ្នាំ ២០០២ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សមួយរបស់អាមេរិក eBay បានទិញ PayPal ក្នុងតម្លៃ ១,៥ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះលោក Elon Musk ទទួលបាន ១៧៥,៨លានដុល្លារអាមេរិក ក្នុងនាមជាម្ចាស់ភាគហ៊ុនជិត ១១ភាគរយ។

បន្ទាប់ពីមានលុយក្នុងដៃកាន់តែច្រើន លោក Elon Musk ក៏ចាប់ផ្ដើមធ្វើអ្វីដែលជាមហិច្ឆតារបស់ខ្លួន នោះគឺការស្រមៃចង់ឡើងទៅកាន់ភពព្រះអង្គារ។ ដើម្បីសម្រេចគោលដៅមួយនេះ លោក Elon Musk ​បាន​ទៅកាន់ប្រទេសរុស្ស៊ីដើម្បីពិភាក្សាការងាររឿងធ្វើដំណើរទៅកាន់លំហអាកាស និងភពព្រះអង្គារ​ ជាមួយក្រុមអ្នកជំនាញ ប៉ុន្តែលទ្ធផលនៃការពិភាក្សាមិនសមបំណងឡើង ទើបលោក​បាន​សម្រេច​​បង្កើត​ក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា Space Exploration Technologies Corp (SpaceX) នៅពាក់កណ្ដាល​ឆ្នាំ ២០០២។ គិតមកដល់ពេលនេះ SpaceX ត្រូវបានគេរាយការណ៍មកថា ទទួល​ប្រាក់​ចំណូល​ជាច្រើនផងដែរ ជាពិសេសគឺគម្រោងមួយចំនួនរបស់អង្គការ NASA ខណៈដែលកាលពី​ឆ្នាំ ២០១៨ ប្រាក់ចំណូលផ្លូវការរបស់ក្រុមហ៊ុនមួយនេះមានចំនួន ២ពាន់លានដុល្លារអាមេរិក។​ គិតត្រឹមបច្ចុប្បន្ននេះ SpaceX មានតម្លៃទៅលើទីផ្សាររហូតដល់ ៧៤ពាន់លានដុល្លារអាមេរិក។

លោក Elon Musk បានបោះទុន ៦,៥លានដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុនផលិតរថយន្ត Tesla និងបានក្លាយជា​ម្ចាស់ភាគហ៊ុនធំជាងគេបំផុត នៅឆ្នាំ ២០០៤ និងមិនត្រឹមតែប៉ុណ្ណោះ លោកក៏បានក្លាយជាអ្នកដឹកនាំក្បាល​ម៉ាស៊ីន​របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះផងដែរ។ ក្រោមការខិតខំប្រឹងប្រែងរបស់លោក បានធ្វើ​ឱ្យ​ក្រុមហ៊ុន Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តល្បី និងឈានមុខគេនៅលើពិភពលោក ហើយ​កាលពី​ឆ្នាំ ២០២១កន្លងទៅនេះ Tesla រកចំណូលបានជិត ៥៤ពាន់លានដុល្លារអាមេរិក។ លោក Elon Musk ត្រូវបាន​គេ​ទម្លាយឱ្យដឹងថា ប្រាក់ចំណូលស្ទើរតែ ២ភាគ៣របស់លោកគឺបានមកពីក្រុមហ៊ុន Tesla​ ខណៈដែល​ប្រភព​ច្បាស់ការបានបង្ហាញថា Elon Musk ក្ដោបក្ដាប់ហ៊ុនរបស់ Tesla ចំនួន ២១ភាគរយ។

កំពូលមនុស្សរូបនេះ ក៏បានបង្កើតក្រុមហ៊ុនផ្សេងៗមួយចំនួនទៀតដូចជា SolarCity, Neuralink, The Boring Company, OpenAI ជាដើម ដែល​ក្រុមហ៊ុននីមួយៗគឺសុទ្ធតែមានចំណូលខ្ពស់ និងកំពុងទទួលបានការគាំទ្រផងដែរ ជាក់ស្ដែង OpenAI ទើបតែដាក់ឱ្យប្រើមុខងារថ្មីមួយដែលមានឈ្មោះ ChatGPT។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចុងក្រោយគេបំផុតដែលលោក Elon Musk បានទិញយក និងកំពុងកាន់កាប់ដោយខ្លួនឯងនោះគឺជា​បណ្ដាញសង្គមដ៏ពេញនិយមរបស់អាមេរិក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក៕

អត្ថបទទាក់ទង