សម្តេចធិបតី៖ រដ្ឋាភិបាលមានគម្រោងស្នើភាគីចិនបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រី មេគង្គ-ឡានឆាង
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគម្រោងស្នើភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តការគាំទ្រដល់ការតភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម, និងការអភិវឌ្ឍសហគ្រិន-ភាពស្ត្រី ក្នុងតំបន់។ នេះបើតាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។
នាឱកាសអញ្ជើញជាអធិបតីបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រី, រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការ នារីរតនៈទី ៦ : ផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ផែនការយុទ្ធសាស្ត្រក្នុងដំណាក់កាលនីមួយៗ ត្រូវបានរៀបចំឡើង ដោយឈរលើវឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រលើកមុនៗ និងស្រប តាមច្បាប់, គោលនយោបាយជាតិ, ការកែទម្រង់របស់រាជរដ្ឋាភិបាល និងរបៀបវារៈឆ្នាំ ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឈរលើគោលការណ៍មិនបោះបង់ពលរដ្ឋណាម្នាក់។
សម្ដេចធិបតី មានប្រសាសន៍ថា «តាមរយៈក្របខណ្ឌមេគង្គ-ឡានឆាង រាជរដ្ឋាភិបាល ក៏បាននិងកំពុង ដឹកនាំការអនុវត្ត គម្រោងថ្នាក់តំបន់ ស្ដីពីការពង្រឹង ផ្នែកសេដ្ឋកិច្ចដ៏ស្ដ្រី ក្នុងយុគសម័យឌីជីថល។ បច្ចុប្បន្ន យើងបាននិងកំពុងរៀបចំស្នើទៅភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តគាំទ្រដល់ការតភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម, និងការអភិវឌ្ឍសហគ្រិន- ភាពស្ត្រី ក្នុងតំបន់»។
សម្ដេចធិបតី បន្ដថា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់ មានចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការពង្រឹងភាពអង់អាច របស់ស្ត្រី ហើយយើងមានការប្ដេជ្ញាចិត្តពេញលេញ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យនេះ។ សម្ដេច ក៏បានប្រមើលឃើញកម្ពុជា មានក្មេងស្រីក្លាហាន ប្រកបដោយមហិច្ឆតាខ្ពស់ ដោយមានទំនុកចិត្តថា ពួកគេអាចទទួលបានការគាំទ្រ និងធនធានចាំបាច់ ដើម្បីប្រែក្លាយសុបិនរបស់ពួកគ ឱ្យទៅជាការពិត។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ដើម្បីសម្រេចចក្ខុវិស័យនេះ រាជរដ្ឋាភិបាល នឹងបន្តវិនិយោគ លើការអប់រំស្ត្រី និងផ្ដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្ហាត់បង្រៀន ព្រមទាំងជម្នះ គ្រប់ឧបសគ្គ ដែលបន្ទច់បង្អាក់ដំណើររបស់ពួកគេ៕