បណ្ឌិត គិន ភា ចាត់ទុកការបញ្ចេញមតិរបស់ពលរដ្ឋមានការគិតប្រកបដោយភាពហ្មត់ចត់ ប៉ុន្តែប្រព័ន្ធអប់រំមិនអាចបង្រៀនឱ្យចេះគិតឱ្យបានពេញលេញ
ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានទុកការបញ្ចេញមតិរបស់បងប្អូនយើងមួយចំនួនតាមបណ្ដាញព័ត៌មានសង្គមនាពេលកន្លងមក និងជាពិសេស នាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញពីកម្រិតសមត្ថភាពរបស់ពួកគាត់ក្នុងការគិតប្រកបដោយភាពហ្មត់ចត់ វិចារណញាណ ភាពគ្រប់ជ្រុងជ្រោយ និងភាពសមហេតុផល និងការវិភាគបែបវិចារវិទ្យាសម្ភារៈនិយម និងវិចារវិទ្យាមនោនិយម។
នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី ២៩ ខែកក្កដា នេះ លោកបណ្ឌិត គិន ភា បញ្ជាក់ថា« ប៉ុន្តែស្ថានភាពនេះ, មួយផ្នែកបង្ហាញឱ្យឃើញពីចំណុចខ្វះខាតនៃប្រព័ន្ធអប់រំរបស់យើង ដែលមិនអាចបង្រៀនឱ្យប្រជាពលរដ្ឋយើងឱ្យចេះអំពីរបៀបគិតនិងពិចារណាឱ្យបានពេញលេញ»។
លោកបណ្ឌិតសង្កត់ធ្ងន់ទៀតថា «ទន្ទឹមនឹងនេះ បណ្ឌិត បញ្ញវន្ត និងវិជ្ជាករដទៃទៀត ក៏មានចំណែកទទួលខុសត្រូវក្នុងរឿងនេះដែរ ដែលមិនបានរួមចំណែកឱ្យសក្តិសមនឹងតួនាទីរបស់ខ្លួនក្នុងរឿងនេះ។ សូក្រាត បាននិយាយថា «ខ្ញុំមិនអាចបង្រៀននរណាម្នាក់អំពីអ្វីមួយនោះទេ ខ្ញុំគ្រាន់តែអាចធ្វើឱ្យពួកគេចេះគិត (I cannot teach anybody anything. I can only make them think)»។
លោកបណ្ឌិតថ្លែងថា៖«ដូច្នេះ ការបង្រៀនឱ្យប្រជាពលរដ្ឋចេះគិត ចេះពិចារណា ជារឿងសំខាន់ណាស់ ប៉ុន្តែ យើងមិនអាចធ្វើបានក្នុងរយៈពេលខ្លីទេ គឺវាត្រូវការពេលវេលាស្ទើរតែមួយជំនាន់មនុស្ស។ បើយើងគិតគូរពីឥឡូវនេះ យ៉ាងហោចណាស់ ២០ទៅ២៥ឆ្នាំខាងមុខ ទើបយើងឃើញលទ្ធផល ពោលគឺត្រូវបណ្ដុះផ្នត់គំនិតមនុស្សចាប់តាំងពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ រហូតដល់កម្រិតឧត្តមសិក្សា ឬក្រោយឧត្តមសិក្សា»។
បើតាម លោកបណ្ឌិត គិន ភា ការវិនិយោគទៅលើផ្នត់គំនិតមនុស្សជាការវិនិយោគដ៏ត្រឹមត្រូវ ចាំបាច់ និងមិនអាចខ្វះបាន និងមានតម្លៃបន្ថែមខ្ពស់បំផុត។ ការវិនិយោគនេះ ត្រូវតែធ្វើជាប់ជាប្រចាំនិងយូរអង្វែង។ គុណភាពនៃការគិតរបស់ប្រជាពលរដ្ឋបែបណា គុណភាពនៃសង្គមបែបនោះ។
ជាមួយគ្នានោះ លោកបណ្ឌិត បន្ថែមថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការវិនិយោគលើមូលធនមនុស្សត្រូវដើរទន្ទឹមគ្នាជាមួយនឹងការខិតខំរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯង។ ទាំងរាស្ត្រនិងរដ្ឋត្រូវដើរស្រុះជើងគ្នាក្នុងចង្វាក់បេះដូងតែមួយ ទើបជាតិយើងអាចទៅមុខបានប្រកបដោយមោទនភាពនិងនិរន្តរភាពជាមួយនឹងសន្តិភាពនិងស្ថិរភាពរឹងមាំយូរអង្វែង យុត្តិធម៌សង្គមពេញលេញ និងការអភិវឌ្ឍប្រកដោយបរិយាបន្ន។
លោកបណ្ឌិត ក៏បានសំណូមពរដល់ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នាការនយោបាយ ត្រូវតែអនុវត្តនូវការប្តេជ្ញាចិត្តរបស់យើងដែលបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញរបស់យើងគឺ «ភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សា ការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ»៕