រដ្ឋាភិបាលតាលីបង់ចាប់ផ្តើមរៀបចំមូលដ្ឋានទ័ពអាមេរិកដែលសេសសល់ឡើងវិញ
បរទេស៖កាលពីចុងសប្តាហ៍កន្លងមកនេះ រដ្ឋាភិបាលនៃក្រុមតាលីបង់បានបង្ហើបអំពីផែនការថ្មីមួយរបស់ខ្លួនក្នុងការកែប្រែទីតាំងមូលដ្ឋានទ័ពអាមេរិកដែលត្រូវបានបោះបង់ចោលកាលពីឆ្នាំ២០២១ទាំងអស់ទៅជាទីតាំងសម្រាប់ប្រើប្រាស់ក្នុងវិស័យធ្វើពាណិជ្ជកម្ម និងពង្រឹងសេដ្ឋកិច្ចរបស់អាហ្គានីស្ថានជំនួសវិញ។
ឧបនាយករដ្ឋមន្ត្រី Mullah Abdul Ghani Baradar នៃរដ្ឋាភិបាលតាលីបង់ បានបញ្ជាក់បែបនេះថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងទទួលយកកិច្ចការងារនេះក្រោយកិច្ចប្រជុំរួចរាល់ហើយ និងត្រូវចាប់ផ្តើមសាងសង់ គ្រប់គ្រងទៅលើទីតាំងមូលដ្ឋានទ័ពអាមេរិកទាំងអស់នោះសម្រាប់ដំណើរការជាតំបន់សេដ្ឋកិច្ចពិសេសជំនួសវិញ។[/caption]
រំលឹកដែរថា កាលពីដើមឆ្នាំកន្លងមកមន្ត្រីជាន់ខ្ពស់របស់ក្រុមតាលីបង់បានអះអាងថារដ្ឋាភិបាលតាលីបង់មានផែនការក្នុងការបើកឲ្យដំណើរការនូវកម្មវិធីថ្នាក់ជាតិមួយដើម្បីអាចជួយជម្រុញឲ្យផលិតផលក្នុងស្រុកមានកំណើនឡើងវិញឲ្យកាន់តែមានប្រសិទ្ធភាព។
អង្គការជំនួយសប្បរសធម៍ជាច្រើនធ្លាប់បានព្រមានមកហើយថាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែលអាចកើតមាននៅអាហ្គានីស្ថាន ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសកំពុងស្ថិតនៅក្នុងភាពដុនដាបខ្លាំងក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ក្រោយការចាកចេញរបស់កងទ័ពបរទេស។
គួរឲ្យដឹងដែរថា ក្រុមមូលដ្ឋាននិយមអ៊ីស្លាមនេះបានដណ្តើមយករដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ និងបានត្រឡប់មកកាន់អំណាចវិញបន្ទាប់ពីសហរដ្ឋអាមេរិកនិងបរទេសទាំងអស់បានសម្រេចចិត្តចាកចេញពីប្រទេសនេះក្រោយការព្យាយាមធ្វើសង្គ្រាមអស់រយៈពេលជាង២០ឆ្នាំ៕