ការនាំចេញកសិផលរបស់កម្ពុជាសម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ។
កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក ដោយក្នុងនោះ ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ ប្រទេសចិនមាន ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន, ប្រទេសរៀតណាមមាន ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់ និង ប្រទេសថៃមាន ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ ។
សម្រាប់ កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី ៖ ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។ ចំណែក គ្រាប់ស្វាយចន្ទីឆៅ មានទំហំនាំចេញជិត ៨០០លានដុល្លារ ប្រហែល ១ភាគ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា ។
ទំហំទឹកប្រាក់ពីការនាំចេញសម្រាប់ កសិផលក្រៅពីស្រូវ-អង្ករ មាន ជាង ១៨០០ពាន់លានដុល្លារ, កសិផលស្រូវមានជាង ៤០០លានដុល្លារ, កសិផលអង្ករ៖ ជាង ២០០លានដុល្លារ។
ដោយឡែកសម្រាប់ប្រភេទដំឡូងមីវិញ មានបរិមាណជាង ២,៥០លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ចំនួនជាង ៤៥០លានដុល្លារអាមេរិក ៕