Close

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាផ្ញើសារជូនបងប្អូនមន្ត្រីជាប់កិច្ចសន្យា នៃភ្នាក់ងារចរាចរណ៍ផ្លូវគោក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាផ្ញើសារជូនបងប្អូនមន្ត្រីជាប់កិច្ចសន្យា នៃភ្នាក់ងារចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាផ្ញើសារជូនបងប្អូនមន្ត្រីជាប់កិច្ចសន្យា នៃភ្នាក់ងារចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ នេះ ផ្ញើសារជូនបងប្អូនមន្ត្រីជាប់កិច្ចសន្យា នៃភ្នាក់ងារចរាចរណ៍ផ្លូវគោក ដែលបានជួយសម្រួលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បម្រើឱ្យប្រយោជន៍បងប្អូនប្រជាពលរដ្ឋ។

តាមបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា៖«ថ្ងៃនេះបានជួបសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសមន្ត្រីជាប់កិច្ចសន្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខ្ញុំពិតជាមានមោទនភាពជាខ្លាំង និងសូមកោតសរសើរដោយស្មោះចំពោះការលះបង់ ប្រកបដោយឆន្ទៈមោះមុតរបស់បងប្អូនជាមន្ត្រីជាប់កិច្ចសន្យា ក្នុងការចូលរួមយ៉ាងសកម្ម ដោយមិនគិតពីការនឿយហត់ ក្តៅរងា យប់ថ្ងៃ ដើម្បីជួយសម្រួលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បម្រើឱ្យប្រយោជន៍បងប្អូនប្រជាពលរដ្ឋ»។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្កត់ធ្ងន់ទៀតថា៖« ជាមួយនឹងការលះបង់ដ៏ថ្លៃថ្លានេះ បងប្អូនមន្ត្រីជាប់កិច្ចសន្យាយើងខ្លះបានស្ម័គ្រចិត្តចូលបម្រើការងារលើវិស័យចរាចរណ៍ ៥ឆ្នាំ ៦ឆ្នាំ ៨ឆ្នាំ និងអ្នកខ្លះរហូតដល់ជាង ១០ឆ្នាំ ក៏មាន ខណៈទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែតិចតួចប៉ុណ្ណោះ»។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា បានលើកទឹកចិត្តដល់បងប្អូនមន្ត្រីជាប់កិច្ចសន្យាទាំងអស់ សូមបន្តឆន្ទៈដ៏មោះមុត និងប្រកបដោយការលះបង់នេះ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងសង្គមជាតិទាំងមូល។ និងសូមជូនពរដល់បងប្អូន ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមមានសុខភាពល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងបានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សរុបចំនួន ៦៦៨នាក់ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ៕


អត្ថបទទាក់ទង