Close

អ៊ីស្រាអែលវាយលុកកណ្តាលហ្គាហ្សាសម្លាប់មនុស្ស ៩នាក់ និងបានបញ្ជូនរថក្រោះចូលទៅក្រុងរ៉ាហ្វា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែលវាយលុកកណ្តាលហ្គាហ្សាសម្លាប់មនុស្ស ៩នាក់ និងបានបញ្ជូនរថក្រោះចូលទៅក្រុងរ៉ាហ្វា អ៊ីស្រាអែលវាយលុកកណ្តាលហ្គាហ្សាសម្លាប់មនុស្ស ៩នាក់ និងបានបញ្ជូនរថក្រោះចូលទៅក្រុងរ៉ាហ្វា

បរទេស៖យោងតាមមន្ត្រីសុខាភិបាលបានឱ្យដឹងថា កងកម្លាំងយោធាអ៊ីស្រាអែលបានវាយលុកនៅតំបន់នានានៅភាគកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃពុធ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ចំនួន ៩នាក់ថែមទៀត ខណៈពេលដែលរថក្រោះអ៊ីស្រាអែលបានរុលទៅតំបន់ភាគខាងត្បូងនៃទីក្រុងរ៉ាហ្វា។

មន្ត្រីសុខាភិបាលបាននិយាយបន្តថា នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយនៅពាក់កណ្តាលអធ្រាត្រ នៅសង្កាត់ Al-Zawyda កណ្តាលតំបន់ហ្គាហ្សាស្ទ្រីប បានធ្វើឱ្យមនុស្សចំនួន ៨ នាក់ស្លាប់ និង ការវាយប្រហារមួយទៀតបានសម្លាប់បុរសម្នាក់ទៀតនៅក្នុងជំរុំ Nuseirat ដែលជាជំរំជនភៀសខ្លួន។

ដោយឡែកកាលពីលើមុន មនុស្សចំនួន ៨ នាក់ក្នុងចំណោម២៣ នាក់នៃក្រុមឧទ្ទាម ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលារៀនមួយផងដែរ។
ជាមួយគ្នានោះ អ្នកស្រុកបាននិយាយថា រថក្រោះអ៊ីស្រាអែលក៏បានបាញ់គ្រាប់ផ្លោង ទៅលើតំបន់ភាគខាងកើតនៃជំរុំ Al-Bureij និង Al-Maghazi ដែលបានបំផ្លាញវិហារអ៊ីស្លាមមួយខ្នង។

ទន្ទឹមនឹងនេះ នៅក្រុង Rafah រថក្រោះរបស់អ៊ីស្រាងែលបានធ្វើការវាយឆ្មក់នៅភាគខាងជើងនៃទីក្រុងមុនពេលដកថយទៅកាន់តំបន់ផ្សេងទៀត និងបានសម្លាប់មនុស្សពីរនាក់នៅក្នុងទីក្រុងនោះ កាលពីថ្ងៃពុធ ខណៈដែលអ្នកស្រុកបាននិយាយថា កងកម្លាំងយោធាអ៊ីស្រាអែលបានបំផ្ទុះ គ្រាប់បំផ្លាញផ្ទះពលរដ្ឋរាប់សិបខ្នង។

យោធាអ៊ីស្រាអែលបាននិយាយទៀតថា ទាហានរបស់ខ្លួន កំពុងបន្តសកម្មភាពប្រតិបត្តិការស៊ើបការណ៍សម្ងាត់ឱ្យបានជាក់លាក់នៅក្នុងតំបន់ Rafah ដើម្បីកម្ចាត់កោសិកាភេរវករ និងឧបករណ៍បាញ់ប្រហារដែលត្រូវបានគេប្រើសម្រាប់បាញ់ទៅលើកងទ័ពខ្លួន។

បើតាមយោធាអ៊ីស្រាអែល ការវាយប្រហារតាមអាកាសបានវាយប្រហារលើគោលដៅចំនួន ២៥ នៅទូទាំងតំបន់ Gaza Strip កាលពីប៉ុន្មានថ្ងៃកន្លងមក ហើយថាកងទ័ពកំពុងបន្តប្រតិបត្តិការនៅតំបន់កណ្តាល។

ទោះជាយ៉ាងណា រយៈពេល ៩ ខែនៅក្នុងសង្រ្គាម យុទ្ធជនប៉ាឡេស្ទីនដែលដឹកនាំដោយក្រុមហាម៉ាសអ៊ីស្លាមនៅតែអាចវាយប្រហារកងកម្លាំងអ៊ីស្រាអែលជាមួយនឹងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ និងគ្រាប់បែកត្បាល់ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមនេះ បានបាញ់រ៉ុក្កែតទៅកាន់កងកម្លាំងអ៊ីស្រាអែលវិញ។

បើទោះជាបែបនេះ អ៊ីស្រាអែលបានប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស់ បន្ទាប់ពីបានសម្លាប់មនុស្ស ១,២00 នាក់ និងចាប់ចំណាប់ខ្មាំងជាង ២៥០ នាក់នៅក្នុងការវាយប្រហារលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

កាលពីថ្ងៃអង្គារ យោធាបាននិយាយថា ខ្លួនបានកម្ចាត់ជិតពាក់កណ្តាលនៃក្រុមមេដឹកនាំនៃស្លាបយោធារបស់ក្រុមហាម៉ាស ដោយក្នុងនោះប្រហែល ១៤,000 នាក់ត្រូវបានសម្លាប់ និងចាប់ខ្លួនចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។

អាជ្ញាធរសុខាភិបាលហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៣៨,000 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុកសងសឹករបស់អ៊ីស្រាអែលចាប់តាំងសង្គ្រាមផ្ទុះមក។ ដោយឡែក អ៊ីស្រាអែលនិយាយថា ទាហានខ្លួនចំនួន ៣២៦នាក់ក៏ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា៕

អត្ថបទទាក់ទង