Close

សិក្ខាកាម៖ ការសិក្សាលើជំនាញវិជ្ជាជីវៈទេសចរណ៍រួមចំណែកជួយកែប្រែជីវភាពកាន់តែល្អប្រសើរ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សិក្ខាកាម៖ ការសិក្សាលើជំនាញវិជ្ជាជីវៈទេសចរណ៍រួមចំណែកជួយកែប្រែជីវភាពកាន់តែល្អប្រសើរ សិក្ខាកាម៖ ការសិក្សាលើជំនាញវិជ្ជាជីវៈទេសចរណ៍រួមចំណែកជួយកែប្រែជីវភាពកាន់តែល្អប្រសើរ

សៀមរាប៖ អតីតសិក្ខាកាម និងសិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍ពីសមាគមក្លឹបទេសចរណ៍សៀមរាប បានអះអាង ការសិក្សាលើជំនាញនេះបានជួយកែប្រែជីវិត និងសេដ្ឋកិច្ចរបស់ពួកគេកាន់តែល្អប្រសើរថែមមួយកម្រិត។

យុវជន ម៉ា សុមន្ថា ជាបុគ្គលិកនៃសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងក្រុងសៀមរាប បានលើកឡើងថា បន្ទាប់ពីបានបញ្ចប់ការសិក្សានៅថ្នាក់ទី១២ រូបគេមិនមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យនោះទេ។
ប៉ុន្តែបន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរឃុំថា សមាគមក្លឹបទេសចរណ៍សៀមរាប មានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍រូបគាត់ក៏បានចូលរៀនលើជំនាញនេះ។

ចំណែកបុគ្គលិកនៃសណ្ឋាគារលំដាប់ផ្កាយ៥ ដូចគ្នាមា្នក់ទៀត យុវជន រ៉េត ចាន់តូ អតីតសិក្ខាកាមវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍ ក៏បានអះអាងដែរថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ រូបគេមានការផ្លាស់ប្តូរការគិតទាំងស្រុង ព្រោះកាលពីមុនគេមិនដែលដឹងទេថា អ្វីជាបដិសណ្ឋារកិច្ចនោះទេ ដល់ពេលបានរៀនទើបដឹងថា មានការងារច្រើនដែលយើងមិនដឹង។ ម្យ៉ាងបន្ទាប់ពីរៀនចប់ សមាគមក្លឹបទេសចរណ៍សៀមរាប ក៏បានជួយរកការងារឲ្យបានធ្វើគ្រប់គ្នាថែមទៀត។

លោក ហ្វីលីព សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានឲ្យដឹងថា កាលពីឆ្នាំ២០២៣កន្លងទៅ ក្រោមសហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាគមក្លឹបទេសចរណ៍សៀមរាប បានធ្វើការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍លើ ៤មុខជំនាញ ដោយឥតគិតថ្លៃជូនដល់យុវជនក្រីក្រ និងយុវជនក្នុងគ្រួសាររងហានីភ័យចំនួន៣០០នាក់។

បន្ទាប់ពីបញ្ចប់វគ្គសិក្សាដោយជោគជ័យ សិក្ខាកាមទាំង៣០០នាក់ សុទ្ធសឹងតែទទួលបានការងារធ្វើទាំងអស់។

លោក ហ្វីលីព សែត កៅ បន្តថា ជាមួយនឹងជោគជ័យនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននោះ នៅខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ សមាគមនឹងបើកវគ្គបណ្តុះបណ្តាលថ្មីមួយទៀត ជូនឥតគិតថ្លៃដល់យុវជនចំនួន២០០នាក់ លើ៤មុខជំនាញ មានជំនាញការិយាល័យជួរមុខ ជំនាញគេហកិច្ច ជំនាញសេវាកម្មម្ហូបអាហារ និងជំនាញចម្អិនអាហារ ហើយរហូតមកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ មានយុវជនប្រមាណជា៧០ភាគរយហើយបានមកចុះឈ្មោះចូលរៀន។

វគ្គសិក្សានេះមានរយៈពេល៨ខែ ដោយ៤ខែសិក្ខាកាមធ្វើការសិក្សាទាំងទ្រឹស្តី និងអនុវត្តផ្ទាល់នៅក្នុងថ្នាក់រៀន ហើយ៤ខែទៀតសិក្ខាកាម នឹងត្រូវអនុវត្តការងារផ្ទាល់នៅតាមគ្រឹះស្ថានអាជីវកម្មផ្នែកទេសចរណ៍នានា។

អត្ថបទទាក់ទង