Close

រដ្ឋមន្ត្រីទេសចរណ៍ជំរុញឱ្យភាគីពាក់ព័ន្ធធ្វើកិច្ចសហការផ្ដល់កញ្ចប់សេវាកម្មដល់ភ្ញៀវទេសចរមកកំសាន្តក្នុងខេត្តសៀមរាប

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍ជំរុញឱ្យភាគីពាក់ព័ន្ធធ្វើកិច្ចសហការផ្ដល់កញ្ចប់សេវាកម្មដល់ភ្ញៀវទេសចរមកកំសាន្តក្នុងខេត្តសៀមរាប រដ្ឋមន្ត្រីទេសចរណ៍ជំរុញឱ្យភាគីពាក់ព័ន្ធធ្វើកិច្ចសហការផ្ដល់កញ្ចប់សេវាកម្មដល់ភ្ញៀវទេសចរមកកំសាន្តក្នុងខេត្តសៀមរាប

សៀមរាប៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឲ្យមន្ទីរទេសចរណ៍ រួមនឹងអ្នកពាក់ព័ន្ធ សហការគ្នាឲ្យបានល្អក្នុងការផ្ដល់កញ្ចប់សេវាទេចរណ៍ជូនភ្ញៀវទេសចរ ដែលមកកំសាន្តក្នុងខេត្តសៀមរាប តាមរយៈការកែសម្រួលវិស័យទេសចរណ៍ឲ្យមានភាពល្អប្រសើរ និងរៀបចំទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាឲ្យបានច្រើនឡើង។

ឯកឧត្តម សុខ សូកេន បានមានប្រសាសន៍ថា ដើម្បីស្តារកំណើនទេសចរ និងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានាក្នុងសកលលោក ទាំងរយៈពេលមធ្យម ឬវែង ក្រសួងទេសចរណ៍បាននឹងកំពុងរកដំណោះស្រាយជាលក្ខណៈប្រព័ន្ធ ដើម្បីឱ្យលេចចេញនូវភាពវិជ្ជមានសម្រាប់ឆ្លើយតបទៅ នឹងបញ្ហាប្រឈមនានារបស់វិស័យឯកជន តាមរយៈការដាក់ចេញនូវចក្ខុវិស័យជាអាទិភាពសម្រាប់អនុវត្តន៍រយៈពេល៥ឆ្នាំទៅមុខ គឺ«បង្កើន៥ និងអភិវឌ្ឍន៍៣» ដែលជាយុទ្ធសាស្ត្រគន្លឺះ សម្រាប់ដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍។

ឯកឧត្តមបញ្ជាក់ថា បង្កើន៥ គឺ៖ទី១.បង្កើននូវប្រសិទ្ធភាពនៃការគ្រប់គ្រងប្រសិទ្ធនាមរបស់កម្ពុជា, ទី២.បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយ ភាពទាក់ទាញទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ, ទី៣.បង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង និងសម្របសម្រួលពាក់ព័ន្ធពីការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់, ទី៤.បង្កើនការអភិវឌ្ឍផលិតផលទេសចរណ៍ និងទី៥.បង្កើនការងារប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង។

ឯកឧតុ្តម រដ្ឋមន្ត្រីសង្កត់ទៀតថា ចំណែកការងារអភិវឌ្ឍន៍៣ រួមមាន៖ទី១.ការរៀបចំយន្តការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិសំដៅធ្វើការគ្រប់គ្រងការងារស្នូលទាំង៥ ខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់, ទី២.អភិវឌ្ឍន៍ឌីជីថលក្នុងវិស័យទេសចរណ៍ និងទី៣.គឺការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងគុណភាព សមត្ថភាពការងារដល់មន្ត្រី ដើម្បីធានាបានការផ្តល់សេវាជូនប្រជាជន ក៏ដូចជាការពង្រឹងដល់យុទ្ធសាស្ត្រដែលបានដាក់ចេញខាងលើនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា តាមរយៈការខិតខំប្រឹងប្រែងសហការគ្នាពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បានធ្វើឱ្យវិស័យទេសចរណ៍ងើបឡើងវិញជាបណ្តើរៗ ជាក់ស្តែងក្នុងឆ្នាំ២០២២ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណជាង ២,៣លាននាក់ និងទេសចរជាតិ ១៣,៩លាននាក់ និងបន្តមានកំណើនទេសចរអន្តរជាតិជាង ៥លាននាក់ និងទេសចរជាតិប្រមាណ ១៨,៧៤លាននាក់ ក្នុងឆ្នាំ២០២៣កន្លងទៅ។

ជាមួយនោះដើម្បីចូលរួមគាំទ្រយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ និងឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល តាមរយៈការពង្រឹង គុណភាពផលិតផល សេវាកម្មទេសចរណ៍ និងការជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ ជាពិសេសធ្វើឱ្យកម្ពុជាសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលខ្ពស់កម្រិតមធ្យម និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ឯកឧត្តម បានស្នើរអោយអ្នកពាក់ព័ន្ធ ជានិយ័តករប្រតិបត្តិករទេសចរណ៍ អាជីវករ សិស្សនិស្សិត មេត្តាចូលរួមគាំទ្រយុទ្ធនាការនានារបស់រដ្ឋាភិបាល និងបន្តចូលរួមការអនុវត្តច្បាប់ “ច្បាប់ស្តីពីទេសចរណ៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទេសចរណ៍”៕
អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

អត្ថបទទាក់ទង