សត្វក្រៀល ១៦ក្បាល បានចាកចេញចុងក្រោយពីតំបន់ការពារទេសភាពអន្លង់ព្រីង
ភ្នំពេញ៖ សត្វក្រៀលចំនួន១៦ក្បាលត្រូវបានក្រុមការងាររបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា បានកត់ត្រាថាជាហ្វូងដែលបានចាកចេញចុងក្រោយពីតំបន់ការពារទេសភាពអន្លង់ព្រីងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ទៅទីតាំងបន្តពូជ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា ពន្យល់ថា សត្វក្រៀលបំលាស់ទីមកតំបន់អន្លងព្រីងចាប់ពីខែធ្នូដល់ឧសភា ពូកវារកចំណីក្នុងតំបន់ការពារនិងក្នងុស្រែរបស់កសិករជាពិសេសស្រែស្រូវមិត្តក្រៀល។
បើតាម អង្គការជីវិតធម្មជាតិនៅកម្ពុជាឆ្នាំនេះតំបន់ដីសើមអន្លងព្រីងក៏ដូចជាតំបន់ផ្សេងៗទៀតដែររងការប៉ះពាល់ដោយកំដៅ និងការរីកស្ងួតខ្លាំង ដែលបណ្តាលសត្វក្រៀលខ្វះទឹកសាប។

អង្គការជីវិតធម្មជាតិនៅកម្ពុជា សង្កត់ទៀតថា បរិភោគអង្ករមិត្តក្រៀលគឺចូលរួមការពារសត្វក្រៀលកម្រនិងឈានទៅជិតផុតពូជរបស់យើងទាំងអស់គ្នា!
សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។
ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមាន សម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល។
កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ យើង ពិបាកសម្គាស់ថាសត្វក្រៀលណាជាឈ្មោលឬញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌតូចជាង អាឈ្មោលបន្តិច។ សត្វក្រៀលត្រូវបានចាត់ ជាប្រភេទសត្វងាយរងគ្រោះ៕
