រកឃើញវត្តមានសត្វត្មាតភ្លើង ២ ក្បាល ជាសត្វផុតពូជនៅដែនជម្រកដែនជម្រកសត្វព្រៃលំផាត់
ភ្នំពេញ៖ ត្មាតភ្លើងជាប្រភេទជិតផុតពូជបំផុតដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាដែលពុងរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងការបំពុលជាដើមត្រូវបានប្រទះឃើញចំនួន ២ ក្បាលនៅដែនជម្រកដែនជម្រកសត្វព្រៃលំផាត់។
បើតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា ដែនជម្រកសត្វព្រៃលំផាត់គឺទីតាំងដ៏សំខាន់មួយក្នុងការគាំទ្រការរស់នៅរបស់សត្វត្មាតភ្លើង ក្រុមការងាររបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា សហគមន៍និងឧទ្យានុរក្សតែងតែធ្វើការអង្កេតតាមដានពីវត្តមានរបស់វាជាប្រចាំ ដោយដាក់កាម៉េរាស្វ័យប្រវត្តិតាមត្រពាំង និងអង្កេតពេលវាចុះស៊ីសាកសពសត្វគោក្របី។
ជាក់ស្តែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ យើងបានកត់ត្រាវត្តមានរបស់ត្មាតភ្លើងចំនួន ២ ក្បាល កំពុងស៊ីសាកសពសត្វគោ នៅភូមិស្រែជ្រៃ និងសត្វមួយក្បាលបានចុះផឹកទឹកនៅត្រពាំងដែលបានស្តារ។
ដើម្បីដឹងអោយកាន់តែច្បាស់ពីស្ថានភាពប្រជាសាសន៍របស់សត្វត្មាតភ្លើងនៅតំបន់ទេសភាពនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជានិងចាប់រៀបចំអាហារដា្ឋនត្មាតចល័តចំនួន១២ខែ ដោយគឺចាប់ខែមិថុនានេះតទៅ ការចុះមកសាកសពសត្វរបស់សត្វត្មាតដែលផ្តល់អោយក្នុងអាហារដ្ឋានត្មាតអាចអោយយើងកំណត់ចំនួនអប្បរិមានិងទីតាំងដែលសត្វភ្លើងកំពុងមានវត្តមាន។
ជាមួយគ្នានោះ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានអរគុណ Mandia Nature ដែលបានគាំទ្រហិរញ្ញវត្ថុដល់សកម្មភាពអភិរក្សត្មាតភ្លើងនេះ៕