Close

៤ ខែ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានជាង ១៦,៩១ ពាន់លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
៤ ខែ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានជាង ១៦,៩១ ពាន់លានដុល្លារ ៤ ខែ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានជាង ១៦,៩១ ពាន់លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦ ៩១៣ លានដុល្លារ មានកំណើនប្រមាណជិត ១២% ។ នេះ បើតាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ លោកជំទាវ សង្កត់ទៀតថា សម្រាប់ការនាំចេញវិញ មានមានទំហំទឹកប្រាក់ ប្រមាណ ៨ ប៊ីលានដុល្លារ កើនឡើងប្រមាណជិត ១២% ដែលការណ៍នេះ បានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជាដែលមានកំណើននិងបានដើរតួនាទី យ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។

ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងសូមស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកវិនិយោគ និងអ្នកធុរកិច្ចទាំងអស់ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា ព្រមទាំងបានបង្ហាញនូវក្ដីរំពឹងថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកធុរកិច្ច, វិស័យឯកជន និងប្រទេសកម្ពុជានូវ៖ (១). ឱកាសនៃការបង្ហាញផលិតផល សេវាកម្មរបស់កម្ពុជា និងបណ្តាប្រទេសចូលរួមទាំងអស់ (២). ការចាប់ដៃគូពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ផ្លាស់ប្តូរពាណិជ្ជកម្ម (៣). ជាវេទិកាសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃការវិនិយោគនិងការធ្វើធុរកិច្ចនៅកម្ពុជា (៤).ផ្តល់នូវការស្វែងយល់ សិក្សាដកស្រង់បទពិសោធន៍ និងនវានុវត្តន៍ក្នុងន័យលើកកម្ពស់ គុណភាពទំនិញនិងសេវាកម្មដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ (៥). រួមគ្នាជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់និងបរិយាប័ន្ន ឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល៕

អត្ថបទទាក់ទង