Close

លែងសត្វអណ្ដើក ០១ក្បាលទៀត ឱ្យចូលសមុទ្រខេត្តកែបវិញ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
លែងសត្វអណ្ដើក ០១ក្បាលទៀត ឱ្យចូលសមុទ្រខេត្តកែបវិញ លែងសត្វអណ្ដើក ០១ក្បាលទៀត ឱ្យចូលសមុទ្រខេត្តកែបវិញ

កែប៖ អាជ្ញាធរខេត្តកែបចូលរួមជាមួយគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ បានធ្វើពិធីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ និងលែងសត្វអណ្ដើកសមុទ្រចំនួន ០១ក្បាល ដែលទទួលបានបងប្អូនប្រជានេសាទចូលក្នុងសមុទ្រខេត្តកែបវិញ។ នេះ បើតាមឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។

ការលែងសត្វអណ្តើកមួយក្បាលឱ្យចូលសមុទ្រវិញ និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ គឺជាដើម្បីចូលរួមអភិរក្សធនធានធម្មជាតិសមុទ្រកម្ររបស់កម្ពុជា និងលើកស្ទួយការថែរក្សាការពារ ជីវៈចម្រុះ ដែលមាននៅក្នុងសមុទ្ររបស់កម្ពុជាផងដែរ។

អាជ្ញាធរពាក់ព័ន្ធ ខណ្ឌរដ្ឋបាលជលផលកែប និងអង្គការ MCC កាលពីខែមេសា ឆ្នាំ ២០២៤ បានសហការលែងអណ្ដើកសមុទ្រចំនួន ០២ក្បាល ដែលទទួលបានពីប្រជានេសាទចូលក្នុងសមុទ្រកែបវិញ ។

នាពេលនោះ ឯកឧត្តម សោមពិសិដ្ឋ អភិបាលខេត្តកែបបានថ្លែងថា៖ «យើងរួមគ្នារក្សាការពារអភិរក្សធនធានសមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង!»។

អណ្តើកសមុទ្រជាប្រភេទល្មូន ដែលចំណាយពេលច្រើនរស់ក្នុងសមុទ្រ និងដកដង្ហើមនៅផ្ទៃខាងលើទឹក ដោយវាអាចផ្ទុកដង្ហើមរហូតដល់រយៈពេល ៨៥នាទី (ប្រភេទល្មិចព្រុយបី)។ ប្រភេទល្មូនកម្រនេះ អាចមានអាយុពី ៥០ដល់១០០ឆ្នាំ និងអាចបន្តពូជបាននៅអាយុ ២០ទៅ ៣០ឆ្នាំ។

អណ្តើកសមុទ្រនេះ វាមានការចងចាំបានល្អ ដោយអណ្តើកញី នឹងត្រឡប់មកទីតាំងឆ្នេរ ដែលជាទីកំណើតរបស់វា ដើម្បីទម្លាក់ពង ទោះបីជាវាបានចាកចេញពីឆ្នេរ ដែលវាញាស់អស់ រយៈពេលជាង ២០ឬ ៣០ឆ្នាំក៏ដោយ៕

អត្ថបទទាក់ទង