ហាម៉ាស់ទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែ អ៊ីស្រាអែលបដិសេធ
បរទេស៖ ក្រុមហាម៉ាស់បានទទួលយកជាផ្លូវការនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីអាចបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ ប៉ុន្តែអ៊ីស្រាអែលបាននិយាយថា ការទាមទារស្នូលរបស់ខ្លួនមិនត្រូវបានបំពេញក្នុងសំណើដែលសម្របសម្រួលដោយអេហ្ស៊ីប និងកាតានៅឡើយទេ។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននិយាយថា បទឈប់បាញ់នឹងត្រូវធ្វើជាបីដំណាក់កាលពី ៦ ទៅ ៧ សប្តាហ៍ ដោយ ចំណាប់ខ្មាំងអ៊ីស្រាអែលត្រូវបានដោះលែងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន និងការដកកងកម្លាំងអ៊ីស្រាអែលបន្តិចម្តងៗពីគ្រប់តំបន់ហ្គាហ្សាស្ទ្រីប និងបង្កើនជំនួយមនុស្សធម៌។
ទោះជាយ៉ាងណា អ៊ីស្រាអែលធ្លាប់បាននិយាយថា ខ្លួននឹងមិនយល់ព្រមទាំងការដកកងកម្លាំងរបស់ខ្លួនពេញលេញ ឬបទឈប់បាញ់ជាអចិន្ត្រៃយ៍នោះទេ ខណៈខ្លួនអះអាងថា នឹងកម្ចាត់ចោលនូវក្រុមហាម៉ាស់។
មន្ត្រីអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថា ភាពចន្លោះប្រហោងធំៗនៅតែមានជាមួយក្រុមហាម៉ាសលើសំណើចុងក្រោយសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ខណៈដែលគណៈប្រតិភូមកពីភាគីទាំងពីរបានមកដល់ទីក្រុងគែរ ដើម្បីបន្តកិច្ចចរចាឡើងវិញ។
ចំណែកក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានទទួលយកលក្ខខណ្ឌនៃបទឈប់បាញ់ដែលស្នើឡើងដោយអ្នកសម្រុះសម្រួលពីប្រទេសអារ៉ាប់។ រិឯមន្ត្រីអាមេរិកបាននិយាយថា មានការផ្លាស់ប្តូរពាក្យបន្តិចបន្តួចពីសំណើដែលស្នើពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដើម្បីបង្ហាញដល់ក្រុមអ្នកចចារនាពេលថ្មីៗនេះ៕