ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើសមាជិកសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុនជួយបញ្ជ្រាបពីឱកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចនៅជប៉ុន
ជប៉ុន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្នើសុំដល់សមាជិកសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុនទាំងអស់មេត្តាផ្តល់កិច្ចសហការជួយបញ្ជ្រាបការឈ្វេងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចនានានៅប្រទេសជប៉ុន សំដៅទាក់ទាញសហគ្រាសដែលមានសក្តានុពលឱ្យមកពង្រីកខ្សែច្រវាក់ផលិតកម្ម ឬខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនមកកាន់កម្ពុជានាពេលអនាគត។
ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើបែបនេះ ក្នុងដំណើរទស្សនកិច្ចប្រទេសជប៉ុនចាប់ពីថ្ងៃទី០៧-០៩ ខែឧសភា ឆ្នាំ ២០២៤ ក្នុងពេលចូលជួបពិភាក្សាការងារជាមួយឯកឧត្តម Imamura Masahiro ប្រធានសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន ។ ជំនួបពិភាក្សានេះ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ស្តីពីកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន។
ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលតែងតែផ្តល់នូវភាពស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជារាប់ចាប់តាំងពីនីតិកាលដែលដឹកនាំដោយសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី រហូតមកដល់នីតិកាលដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីការចូលរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ដែលការណ៍នេះ ជាកាយវិការប្រកបដោយមេត្រីភាពដែលបានឆ្លុះបញ្ចាំងអំពីការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកធំធាត់។
ជាការឆ្លើយតប ឯកឧត្តមប្រធានបានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាឱកាសដ៏មនោរម្យនេះ។
ឯកឧត្តមប្រធានក៏បានសម្តែងនូវការគាំទ្រលើរាល់មតិយោបល់ល្អៗរបស់ភាគីកម្ពុជា ព្រមទាំងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយកិត្តិស័ព្ទកម្ពុជា ក៏ដូចជាកាលានុវត្តភាពវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលំទូលាយជ្រាបចូលដល់ស្រទាប់ធុរកិច្ចរបស់ប្រទេសជប៉ុនផងដែរ៕