កម្ពុជាក្លាយជាប្រទេសនាំអង្ករចេញលំដាប់ទី៧ លើពិភពលោក
ភ្នំពេញ៖ កម្ពុជាក្លាយជាប្រទេសនាំអង្ករចេញ (ទាំងស្រូវនិងអង្ករ) លេខរៀងទី៧ លើពិភពលោក នៅឆ្នាំ ២០២៣/២០២៤ ។ នេះបើតាមរបាយការណ៍របស់ seasia ដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះ ។
របាយការណ៍នេះ បញ្ជាក់ទៀតថា ប្រទេសឥណ្ឌាឈរនៅលំដាប់លេខរៀងទី ១ បន្ទាប់មកប្រទេសថៃ វៀតណាម ប៉ាគីស្ថាន សហរដ្ឋអាមេរិក ចិន កម្ពុជា ភូមា ប្រេស៊ីល និងចុងក្រោយគេ គឺ អ៊ុយរ៉ាហ្គាយ ។
ទាក់ទិននឹង កម្ពុជាក្លាយជាប្រទេសនាំអង្ករចេញ លោក យ៉ង សំាងកុម៉ារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា នៅក្នុងរយ:ពេល៤ ខែឆ្នាំ ២០២៤ នេះបរិមាណនាំចេញកើនឡើងថែមជាង ៣០ ភាគរយបើធៀបទៅនឹងរយៈពេល ៤ខែ ដូចគ្នានៅឆ្នាំ ២០២៣។
លោក បន្តថា ក្នុងមួយឆ្នាំកម្ពុជាកម្ពុជាផលិតស្រូវបានជាង ១២ លានតោន ឬជាង ៧លានតោនអង្ករ ដែលលើសពីតំរូវការក្នុងស្រុកប្រមាណ ៥០ ភាគរយ។
បើតាម លោក យ៉ង សំាងកុមារ វិស័យស្រូវអង្ករកម្ពុជាមិនត្រឹមតែជោគជ័យក្នុងការផលិតស្បៀងសម្រាប់ធានាបានសន្តិសុខស្បៀងជូនជាតិទេគឺថែមទាំងចូលរួមចំណែកដល់សន្តិសុខស្បៀងពិភពលោកផងដែរ។
លោក ថ្លែងថា៖ «គោលដៅទៅមុខរបស់យើងគឺបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ជាពិសេសគាំទ្រឲ្យមានការបង្កើនប្រាក់ចំណូលជូនកសិករអ្នកផលិតស្បៀង»៕