លោក Blinken ដាក់សម្ពាតឱ្យ ក្រុម Hamas ទទួលយក បទឈប់បាញ់ជាមួយអ៊ីស្រាអែល
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃពុធបានបង្កើនការដាក់សម្ពាធលើក្រុមហាម៉ាស់ ដើម្បីឱ្យទទួលយកសំណើចុងក្រោយសម្រាប់បទឈប់បាញ់ជាមួយអ៊ីស្រាអែល។
លោកនិយាយថា “ពេលវេលាគឺដល់ហើយ” សម្រាប់កិច្ចព្រមព្រៀងដែលនឹងត្រូវដោះលែងចំណាប់ខ្មាំងនិងផ្អាកសង្គ្រាមនៅហ្គាហ្សាដែលមានរយៈពេល ៧ ខែមកនេះ ។ .
តាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ AP បញ្ជាក់ថា ចំណុចជាប់គាំងគាំងសំខាន់មួយហាក់នៅមានដដែលថាតើ កិច្ចព្រមព្រៀងនេះនឹងបញ្ចប់ការវាយលុករបស់អ៊ីស្រាអែលទាំងស្រុងដូចដែលក្រុមហាម៉ាស់បានទាមទារដែរឬអត់។
លោក Blinken បានជួបពិភាក្សាជាមួយមេដឹកនាំអ៊ីស្រាអែលពេញមួយថ្ងៃនៅក្នុងដំណើរទស្សនកិច្ចលើកទី៧ របស់លោកនៅក្នុងតំបន់មជ្ឈឹមបូរពារ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីខែតុលា ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។

ប្រទេសសហរដ្ឋអាមេរិក និងប្រទេសសម្រុះសម្រួលមួយចំនួនទៀតដូចជា អេហ្ស៊ីប និងកាតា សង្ឃឹមថានឹងបញ្ចៀសការវាយលុករបស់អ៊ីស្រាអែល ចូលទៅក្នុងក្រុង Rafah ភាគខាងត្បូងតំបន់ Gaza ជាទីដែលប្រជាជនប៉ាឡេស្ទីនប្រហែល ១.៤ លាននាក់កំពុងជ្រកកោន។
ពេញមួយខែនៃកិច្ចចរចា ក្រុមហាម៉ាសបាននិយាយថា ការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលខ្លួនកាន់កាប់ត្រូវតែនាំមកនូវការបញ្ឈប់ជាអចិន្ត្រៃយ៍ចំពោះសង្គ្រាម និងការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា។
កិច្ចព្រមព្រៀងដែលបានស្នើឡើងនៅពេលនេះ ស្ថិតនៅក្នុងពាក់កណ្តាលនៃកិច្ចពិភាក្សាដោយបានលើកឡើងពីលទ្ធភាពនោះ។ នេះបើយោងតាមព័ត៌មានដោយមន្ត្រីអេហ្ស៊ីប និងមន្ត្រីហាម៉ាស់។
មន្ត្រីអេហ្ស៊ីបបាននិយាយថា ប៉ុន្តែក្រុមហាម៉ាស់កំពុងស្វែងរកការគាំទ្រ ដើម្បីធានាការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សាស្ទ្រីបទាំងមូល។ មន្ត្រីអេហ្ស៊ីបបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា « វាទំនងជានឹងផ្តល់ការឆ្លើយតប ចំពោះសំណើនេះនៅថ្ងៃព្រហស្បតិ៍នេះ ៕
