យោធាអ៊ីស្រាអែលដកកងកម្លាំងចេញពីទីក្រុង Khan Younis
បរទេស៖ យោធាអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានដកកងកម្លាំង ចេញពីទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ដោយបញ្ចប់ដំណាក់កាលសំខាន់មួយនៅក្នុងការវាយប្រហារ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ក្នុងរយៈពេល ៦ ខែមកនេះ ។
ប៉ុន្តែ មន្ត្រីការពារជាតិ បាននិយាយថា ការដកកងទ័ពនេះ គ្រាន់តែរៀបចំជាក្រុមឡើងវិញ ខណៈ ដែលកងទ័ពត្រៀមចល័តចូលទៅក្នុងបន្ទាយចុងក្រោយ របស់ក្រុមហាម៉ាស គឺ ទីក្រុង រ៉ាហ្វា។ ឧត្តមសេនីយ៍ឯក Herzi Halevi ប្រមុខយោធាបាននិយាយថា “សង្រ្គាមនៅហ្គាហ្សានៅតែបន្ត ” ។
ទូរទស្សន៍ក្នុងស្រុក Channel 13 TV បានរាយការណ៍ថា អ៊ីស្រាអែលកំពុងរៀបចំដើម្បីចាប់ផ្តើមជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុង Rafah ក្នុងរយៈពេលមួយសប្តាហ៍ ហើយដំណើរការនេះអាចចំណាយពេលច្រើនខែ។
ទោះបីជាយ៉ាងណាក៏ដោយ ការដកខ្លួននេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ខណៈដែលអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានបើកការប្រយុទ្ធគ្នារយៈពេលប្រាំមួយខែ។
មន្ត្រីយោធាដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្រោមគោលនយោបាយកងទ័ពបាននិយាយថា កម្លាំងទ័ពដ៏សំខាន់ នៅតែស្ថិតនៅក្នុងតំបន់ហ្គាហ្សា ដើម្បីបន្តប្រតិបត្តិការគោលដៅរួមទាំងនៅ ទីក្រុង Khan Younis ដែលជាទីតាំង កំណើតរបស់មេដឹកនាំក្រុមហាម៉ាស់ គឺលោក Yehya Sinwar ៕