Close

ខេត្តចំនួន ៣ ត្រូវបានប្រកាសជាខេត្តអស់មីន ក្នុងរយៈពេលជាង ៦ ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ខេត្តចំនួន ៣ ត្រូវបានប្រកាសជាខេត្តអស់មីន ក្នុងរយៈពេលជាង ៦ ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ខេត្តចំនួន ៣ ត្រូវបានប្រកាសជាខេត្តអស់មីន ក្នុងរយៈពេលជាង ៦ ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧

ក្រចេះ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា រយៈពេលជាង ៦ ខែនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ខេត្តចំនួន ៣ ត្រូវបានប្រកាសជាខេត្តអស់មីន រួមមានខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។

ការលើកឡើងបែបនេះ ក្នុងអំឡុងពេលដែល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរប្រកាសខេត្តក្រចេះ ជាខេត្តអស់មីនទី១៥ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការប្រកាសខេត្តក្រចេះអស់មីននាថ្ងៃនេះ គឺជាសមិទ្ធផលរួមរបស់យើងទាំងអស់គ្នា ដែលបានមកពីការដឹកនាំ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួមដ៏សប្បុរសផ្នែកហិរញ្ញវត្ថុ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។

ឯកឧត្តម បន្ថែមថា នេះជាសមិទ្ធផលកើតចេញក្រោមម្លប់សន្តិភាពនៃ នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងកិច្ចខិតខំប្រឹងប្រែងដោយឥតងាករេ និងម៉ឺងម៉ាត់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការបន្តនូវមរតកប្រវត្តិសាស្រ្ត បន្តរក្សាសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ខេត្តក្រចេះ គឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន ៣ ដែលត្រូវបានប្រកាសជាខេត្តអស់មីន ក្នុងរយៈពេលជាង ៦ ខែនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែល សម្តេច បាននឹងកំពុងពលី និងខិតខំប្រឹងប្រែងបម្រើប្រជាជន និងប្រទេសជាតិ ទាំងយប់ ទាំងថ្ងៃ ពោរពេញដោយឧត្តមគតិស្នេហាជាតិមាតុភូមិ។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសរបស់សហគមន៍ផ្តល់ជំនួយ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ វិស័យឯកជន និងសប្បុរសជននានា ដែលបានគាំទ្រ និងបន្តឈរជាមួយកម្ពុជា ក្នុងគោលដៅឱ្យកម្ពុជារួចចាកផុតពីគ្រាប់មីន និងលុបបំបាត់ទុក្ខវេទនាពីមរតកសង្រ្គាម។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ដល់កិច្ចប្រតិបត្តិការបោសសម្អាតមីន ក្នុងភូមិសាស្រ្តខេត្តក្រចេះ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែតបានចូលរួម អបអរសាទរខេត្តក្រចេះ ត្រូវបានប្រកាសជាខេត្តអស់មីន និងបានចាត់ទុក
ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ គឹជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជាជនខេត្តក្រចេះ បានទទួលនូវសេរីភាពរួចចាកផុតពីគំរាមកំហែងដោយសារមីន ហើយ ខេត្តក្រចេះ គឺជាខេត្តទី១៥ ដែលត្រូវប្រកាសជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែតបន្ថែមថា រយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ នៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទឹកដីខេត្តក្រចេះ មានប្រតិបត្តិករចំនួន ៣ រួមមាន មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការហេឡូត្រាស់ បានបោសសម្អាតក្នុងទំហំផ្ទៃដីជាង ១៣៣ គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៩៥ ចម្ការមីននិងគ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីន និងសំណល់ជាតិផ្ទុះផ្សេងទៀតប្រមាណ ៦ ម៉ឺនគ្រាប់ ព្រមទាំងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជិត ៤០ ម៉ឺននាក់។

បើតាមសម្តេច ធិបតី ហ៊ុន ម៉ាណែត សមិទ្ធផលខេត្តក្រចេះអស់មីន គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតក្នុងរយៈពេលជាង ៦ ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួមដ៏សប្បុរសបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។ រយៈពេល ជាង ៦ ខែ នៃ រាជរដ្ឋាភិបាល អាណត្តិ ទី៧ មានខេត្ត ចំនួន ០៣ ត្រូវ បាន ប្រកាស ជា ខេត្ត អស់ មីន រួម មាន ខេត្ត កំពង់ស្ពឺ ខេត្ត មណ្ឌលគីរី និង ខេត្ត ក្រចេះ ៕

អត្ថបទទាក់ទង