មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មជំរុញឱ្យបុគ្គលដែលមានឥទ្ធិពលនៅលើបណ្តាញសង្គមជួយផ្សព្វផ្សាយគាំទ្រកសិករ និងកសិផលខ្មែរ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ ជំរុញឱ្យបុគ្គលដែលមានឥទ្ធិពលនៅលើបណ្តាញសង្គម និងមានអ្នកតាមដានច្រើន យកប្រជាប្រិយភាព និងភាពល្បីល្បាញរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់ការគាំទ្រកសិករ និងកសិផលខ្មែរ ។
ការជំរុញរបស់ ឯកឧត្តម ឃឹម ហ្វីណង់ ដែលជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាត បានធ្វើឡើង បន្ទាប់ពីមានបុគ្គលដែលមានឥទ្ធិពលលើបណ្តាញសង្គមមួយចំនួនធំ មិនបានប្រើប្រាស់ភាពល្បីល្បាញរបស់ខ្លួន ដើម្បីផ្សព្វផ្សាយជាប្រយោជន៍ដល់កសិករ និងផលិតផលខ្មែរនោះទេ។

ឯកឧត្តម ឃឹម ហ្វីណង់ បានដាក់ជាសំនួរថា ៖«តើអាចទេ ប្រសិនបើបុគ្គលដែលមានឥទ្ធិពលនៅលើបណ្តាញសង្គម និងមានអ្នកតាមដានច្រើន យកប្រជាប្រិយភាព និងភាពល្បីល្បាញរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់ការគាំទ្រកសិករ និងកសិផលខ្មែរវិញ? តម្លៃជាសារវន្ត័នៃកិត្តិយស ដែលបានមកពីចំនួនអ្នកLike អ្នកShare និងអ្នកមើលច្រើន មិនមានតម្លៃស្មើនឹងឥទ្ធិពលវិជ្ជមានដែលបានផ្តល់ទៅដល់សង្គមជាតិរបស់យើងនោះទេ»។
ឯកឧត្តម ឃឹម ហ្វីណង់បន្ថែមថា បង្កើតជាចលនាសង្គម ជួយចូលរួមគាំទ្រអប់រំ ឬក្លាយជាគំរូល្អដល់ការធ្វើតម្រាប់តាមពីសំណាក់ស្រទាប់យុវជន អ្វីក៏បានឱ្យតែជាប្រយោជន៍រួម។ មានរឿងជាច្រើននៅក្នុងវិស័យកសិកម្ម ដែលកំពុងតែមានការផ្លាស់ប្តូរជាវិជ្ជមានពីខាងក្នុងមកក្រៅ តែអ្វីៗត្រូវការពេលវេលា និងការចូលរួមឱ្យបានទូលំទូលាយ។
ឯកឧត្តម ឃឹម ហ្វីណង់សង្កត់ទៀតថា៖« អម្រែកមួយនេះអាចនឹងធូរស្រាលជាងមុន ដើរបានលឿនជាងមុន និងឆាប់ដល់គោលដៅជាងមុន ប្រសិនបើយើងមិនរុញការទទួលខុសត្រូវដាក់គ្នា ហើយងាកមកជួយរកដំណោះស្រាយរួមដើម្បីជាតិ និងសង្គម»។
ជាមួយគ្នាន ឯកឧត្តម ក៏បានអរគុណដល់បុគ្គលដែលមានឥទ្ធិពលនៅលើបណ្តាញសង្គមមួយចំនួដែលបានជួយផ្សព្វផ្សាយគាំទ្រកសិករ និងកសិផលខ្មែរ ជាពិសេស អំពាវនាវឱ្យមានការងាកមកជួយគាំទ្រដល់កសិកផលក្នុងស្រុក៕


