រទេះគោខ្មែរនៅកំពង់ឆ្នាំងកំពុងក្លាយជាជំនិះដ៏ទីពេញនិយមរបស់ភ្ញៀវទេសចរបរទេស
កំពង់ឆ្នាំង៖ រទេះគោខ្មែរ នៅខេត្តកំពង់ឆ្នាំង បាននឹងកំពុងក្លាយជាយាន្តជំនិះដ៏ទីពេញនិយមរបស់ភ្ញៀវបរទេសដែលមកលេងកម្សាន្តនៅក្នុ្ងងខេត្តទន្លេសាបមួយនេះ ខណៈ អាជ្ញាធរមានសមត្ថកិច្ច បានបើកកិច្ចប្រជុំណែនាំដល់សហគមន៍រទេះគោដឹកភ្ញៀវទេសចរបរទេសនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ ត្រូវរៀបចំជួសជុល និងតុបតែងឱ្យបានស្អាត និងទាក់ទាញ។
រទេះគោខ្មែរដឹកភ្ញៀវបរទេស បានចាប់ផ្តើមពេញនិយមឡើងវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ជំងឺកូវីដ១៩បាន ១០០% ក្នុងប្រទេស និងនាំអោយភ្ញៀវអន្តរជាតិបានចូលមកជិះរទេះគោខ្មែរ រួមនិងការទស្សនាផ្ទាំងគំនូរបុរាណអាយុជាង ៣០០ឆ្នាំ ក្នុងព្រះវិហារវត្តពោធិ៍រុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ និងការទស្សនាវាលស្រែ រួមនិងភូមិឋានខ្មែរតាមជនបទ។

ប្រជាសហគមន៍អ្នកតាហាង ស្ថិតក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាចក្រោមបានឱ្យដឹងថា រទេះគោខ្មែរ មាននៅក្នុងសហគមន៍ចំនួន២គឺ សហគមន៍អ្នកតាហាង និងសហគមន៍កំពង់ត្រឡាចលើ ហើយសមាជិកក្នុងសហគមន៍មាន៤៨នាក់ ។ សព្វថ្ងៃក្នុង១ថ្ងៃៗសមាជិកអាចដឹកភ្ញៀវអន្តរជាតិបានចន្លោះពី២ ទៅ៣ជើង ដោយក្នុង១រទេះគោអាចផ្ទុកភ្ញៀវបាន២នាក់ ជិះមើលតាមភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅជនបទ ទស្សនាវាលស្រែវាលស្រូវ និងបានចូលទៅទស្សនាផ្ទាំងគំនូរបុរាណអាយុជាង៣០០ឆ្នាំ ក្នុងព្រះវិហារវត្តពោធិ៍រុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ។
បើតាម ប្រជាសហគមន៍អ្នកតាហាង សមាជិកនៅក្នុងសមាគមន៍ទាំងអស់សុទ្ធតែមានរទេះ និងគោខ្លួនឯងផ្ទាល់ ហើយសេវាដឹកក្នុងភ្ញៀវម្នាក់៧ដុល្លារ ក្នុង១ថ្ងៃៗ ពួកគាត់អាចរកកម្រៃបានចន្លោះពី៣ម៉ឺនរៀល ទៅ៨ម៉ឺនរៀល សម្រាប់ផ្គត់ផ្គង់គ្រួសារ។ ប្រជាសហគមន៍ទាំងអស់បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំការពារថែរក្សាអាយុជីវិតប្រជាពលរដ្ឋទាំងអស់តាមរយៈការខិតខំស្វែងរកវ៉ាក់សាំងការពារជម្ងឺកូវីត១៩ និងការពារប្រជាពលរដ្ឋរហូតអាចទប់ស្កាត់បានទាំងស្រុង។

ទាក់ទិននឹងបញ្ហានេះ លោក កុយ ញ៉ាន មេឃុំកំពង់ត្រឡាចបានថ្លែងថា កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ មិនមានភ្ញៀវអន្តរជាតិមកជិះរទេះគោខ្មែរក្នុងឃុំរបស់លោកឡើយ ព្រោះកំពុងជួបវិបត្តិជាសកលចំពោះជំងឺកូវីដ១៩ ។ លុះក្រោយមកជម្ងឺនេះត្រូវបានទប់ស្កាត់បាត់ទៅវិញ ហើយភ្ញៀវអន្តរជាតិបានមកជិះរទេះគោខ្មែរ និងទស្សនាគំនូរបុរាណ និងជីវភាពប្រជាពលរដ្ឋតាមជនបទរបស់ខ្មែរយើងបន្តទៀត ។
បើតាម លោក កុយ ញ៉ាន តាមរយៈរូមគំនូរបុរាណ និងការធ្វើដំណើរកម្សាន្តបែបប្រពៃណីខ្មែរជិះរទេះគោ របស់ភ្ញៀវទេសចរអន្តរជាតិនេះ បានផ្តល់ឱកាសការងារ និងចំណូលដល់ប្រជាសហគមន៍រស់នៅក្នុងតំបន់ជនបទ ក្នុងឃុំកំពង់ត្រឡាច មានជីវភាពធូរធារមួយកម្រឹត ។
លោក កុយ ញ៉ាន បន្ថែមថា ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាទាំងនេះ មិនត្រឹមតែបានកម្រៃផ្គត់ផ្គង់គ្រួសារក្នុងសហគមន៍នោះទេ ថែមទាំងបង្កើនការអភិរក្សរូបគំនូរទឹកថ្នាំបុរាណរបស់ខ្មែរ និងសត្វគោ រទេះគោខ្មែរថែមទៀតផង ។ ភ្ញៀវទេសចរអន្តរជាតិដែលមកកទស្សនាកំសាន្តនេះ ភាគច្រើនមកពី អាមេរិក បារាំង ជប៉ុន និងតំបន់អឺរ៉ុប ដើម្បីមើលរូបគំនូរពីសម័យបុរាណរបស់ខ្មែរ ការជិះរទេះគោខ្មែរ និងបានទស្សនាតំបន់វាលស្រែវាលស្រូវខ្មែរ និងការរស់នៅបែបជនបទរបស់ប្រជាពលរដ្ឋខ្មែរផងដែរ ។

លោកសង្កត់ទៀតថា ចំពោះភ្ញៀវទេសចរអន្តរជាតិ ដែលមកកំសាន្តទីនោះ គឺធ្វើដំណើរតាមកប៉ាល់មកចតនៅមាត់កំពង់ក្នុងឃុំកំពង់ត្រឡាចក្រោម ហើយប្រជាសហគមន៍បានយករទេះគោខ្មែរទៅទទួលពួកគាត់ពីទីនោះ បន្ទាប់មកដឹកពួកគាត់ទៅទស្សនារូបគំនូរបុរាណ នៅព្រះវិហារក្នុងវត្តពោធិ៍រុក្ខារាម ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់វាលស្រែ និងភូមិឋានប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត លោកមេប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន បាននាំយកប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋដែលបានសំណូមពរនៅក្នុងទំព័រហ្វេសប៊ុករបស់មន្ទីរទេសចរណ៍ខេត្តទាក់ទងនឹងការរៀបចំរទេះគោសម្រាប់ដឹកភ្ញៀវទេសចរ ដើរកម្សាន្តនៅក្នុងស្រុកកំពង់ត្រឡាច ជូនដល់សហគមន៍អ្នកបររទេះគោ ដើម្បីរៀបចំកែលម្អ។

ខ្លឹមសារដែលបានធ្វើការណែនាំ មាន ៦ ចំណុច និងសំណូមពរ មាន ៣ ចំណុច ដូចតទៅ៖ ទី១. ត្រូវរៀបចំជួសជុល និងតុបតែងរទេះគោឲ្យបានស្អាត ទី២. ត្រូវស្លៀកពាក់ឯកសណ្ឋាន និងពាក់មួកស្លឹកត្នោត ៖ ឯកឧត្តម អភិបាលខេត្ត នឹងឧបត្ថម្ភឯកសណ្ឋាន និងមួកស្លឹកត្នោតនេះ ជូនដល់អ្នកបរទេះទាំងអស់គ្នា ទី៣. គ្រប់រទេះគោ ត្រូវចងទង់ជាតិខ្មែរ
ទី៤. ត្រូវមានកម្រាលទន់សម្រាប់ភ្ញៀវអង្គុយ ទី ៥. ត្រូវមានអនាម័យខ្លួនប្រាណឲ្យបានស្អាតជាប្រចាំ ជៀសវាងមានក្លិនមិនល្អប៉ះពាល់ដល់ភ្ញៀវ និង ទី ៦. សូមផ្តល់របាយការណ៍ស្ថិតិភ្ញៀវបរទេសមកមន្ទីរឲ្យបានជាក់លាក់។
សម្រាប់សំណូមពរទៅ សហគមន៍វិញ គឺ ទី១. ហាមក្មេងរត់តាមរទេះគោ និងសុំលុយភ្ញៀវ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ភ្ញៀវ ទី២. សុំឲ្យមានកម្លាំងសនិ្តសុខដើរតាមរទេះ ដើម្បីរក្សាសុវត្ថិភាពជូនភ្ញៀវ។ និង ទី៣. សុំឲ្យធ្វើដំបូលរទេះ។ ទោះជាយ៉ាងណាបញ្ហានេះ ខាងសហគមន៍បានលើកឡើងថា ដោយសាររទេះគោរបស់ពួកគាត់ជាប្រភេទរទេះ សាលី មានទំហំតូច ដែលពិបាកក្នុងការដាក់ដំបូលបន្ថែម។ ម្យ៉ាងទៀត កន្លងមកមគ្គុទេសន៍ទេសចរនិងភ្ញៀវបរទេស ក៏មិនមានសំណូមពរលើបញ្ហាដំបូលនេះដែរ៕



