ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត៖ ការលើកកម្ពស់តួនាទីរបស់ស្ត្រីនិងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានលើកឡើងថា ការលើកកម្ពស់តួនាទីរបស់ស្ត្រីនិងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់នៅក្នុងការពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាបន្ន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានលើកឡើងបែបនេះនៅពេលឯកឧត្តម បានអញ្ជើញជាធិបតីភាព ក្នុងទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤ ដែលក្នុងទិវានេះ មានការចូលរួមពីកងកម្លាំងនគរបាលនារី ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រមាណជាង៦០០នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត សង្កត់ធ្ងន់ថា នៅពេលស្ត្រី និងក្មេងស្រីមានចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល អាចធ្វើឲ្យពួកគេបានចូលរួមដោយសកម្ម និងប្រកបដោយសុវត្ថិភាពនៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។ បរិវត្តកម្មឌីជីថល នឹងផ្តល់នូវមធ្យោបាយថ្មីៗសម្រាប់ស្ត្រីនិងក្មេងស្រី ក្នុងការអនុវត្តសិទ្ធិ ការលើកកម្ពស់ឋានៈ តួនាទី ការទទួលបានកាលានុវត្តភាព និងជម្រើសនានានៅក្នុងការរស់នៅរួមទាំងការលើកកម្ពស់ ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខ្លួន និងគ្រួសារ ព្រមទាំងការទទួលបានលទ្ធភាពកាន់តែទូលំទូលាយសម្រាប់ការសិក្សា អប់រំ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រកបមុខរបរ ការងារ និងអាជីវកម្មជាដើម»។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងទៀត ថា ជារៀងរាល់ឆ្នាំ កម្ពុជាបានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព ស្មើគ្នា និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានានៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។ ការរៀបចំយុទ្ធនាការអបអរសាទរទិវា អន្តរជាតិនារី ៨មីនា ខួបទី១១៣ នាឆ្នាំ២០២៤ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រីនិងក្មេងស្រីក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត គូសបញ្ជាក់ថែមទៀត ការកំណត់យកមូលបទសម្រាប់ឆ្នាំនេះ បានរៀបចំឡើងឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាច ដល់ស្ត្រីនិងក្មេងស្រី។
ក្នុងនាមអគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នឹងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងនគរបាលជានារី ដោយកាត់បន្ថយនូវគម្លាតយេនឌ័រ ផ្តល់នូវអាទិភាពលើកទឹកចិត្ត ផ្តល់មុខតំណែង ឋានន្តរស័ក្តិ ស្របតាមស្នាដៃ និងសមត្ថភាព ប្រកបដោយតម្លាភាព គ្មានការរើសអើង៕


