បុរសពីរនាក់ត្រូវបានជួយសង្គ្រោះពីកណ្តាប់ដៃ ក្រុមសកម្មជន ហាម៉ាស
បរទេស៖ បុរសជនជាតិអ៊ីស្រាអែល និងអាហ្សង់ទីនពីរនាក់ដែលត្រូវបានក្រុមហាម៉ាស់ចាប់ជាឈ្លើយសឹកកាលពីថ្ងៃទី ៧ ខែតុលា ត្រូវបានជួយសង្គ្រោះ នៅពីថ្ងៃចន្ទ នៅក្នុងការវាយឆ្មក់តាមអាកាស ពីសំណាក់យោធាអ៊ីស្រាអែលនៅក្នុងទីក្រុង Rafah ភាគខាងត្បូងនៃ Gaza ខណៈការវាយប្រហារនេះបណ្តាលឱ្យមនុស្សប្រហែល១០០នាក់ បានស្លាប់។
ចំណាប់ខ្មាំងទាំងពីរនាក់នោះ មា្នក់ឈ្មោះ Fernando Simon Marman មាបអាយុ ៦០ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ Louis Har មានអាយុ ៧០ឆ្នាំបានចំណាយពេល ១២៨ ថ្ងៃក្នុងការជាប់ឃុំ។ បុរសទាំងពីរស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយចាប់តាំងពីជួយសង្គ្រោះនោះ ពួកគេមកបានជួបជុំក្រុមគ្រួសារវិញហើយ។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល លោក Daniel Hagari បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំងដ៏លំបាក នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីទទួលបាន ព័ត៌មាន ពី “ការស៊ើបការណ៍សម្ងាត់ និងអាចទុកចិត្តបាន ” ដោយមានការចូលរួមស៊ើបការណ៍ពី ក្រុម Shin Bet សេវាសន្តិសុខផ្ទៃក្នុងរបស់អ៊ីស្រាអែល កងកម្លាំងពិសេសប៉ូលីស និងកងពលតូចរថក្រោះ IDF ។
ប្រតិបត្តិការនេះបានចាប់ផ្តើមនៅម៉ោង ១ និង៤៩ នាទីព្រឹកម៉ោងក្នុងស្រុក នៅពេលដែលកងកម្លាំងពិសេសអ៊ីស្រាអែលបានចូលទៅក្នុងអគារដែលចំណាប់ខ្មាំងត្រូវបានឃុំខ្លួន ។ អ្នកទាំងពីរត្រូវបានរកឃើញនៅជាន់ទីពីរ ស្ថិត “នៅក្នុងដៃរបស់ភេរវករហាម៉ាស”។
លោក Hagari បាននិយាយថា ពួកសកម្មប្រយុទ្ធហាម៉ាសក៏ត្រូវបានឈរជើងនៅក្នុងអគារដែលនៅជាប់គ្នាផងដែរ ហើយក៏មានការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធផងដែរ ។ ចំណាប់ខ្មាំងដែលត្រូវបានរកឃើញវិញ ពួកគេត្រូវបានអោបការពារដោយសមាជិកនៃកងកម្លាំងពិសេសប៉ូលីស ខណៈដែលពួកគេត្រូវបានអមដំណើរ ក្រោមការបាញ់ប្រហារពីក្រុមហាម៉ាស់។
លោក Hagari ដែលបាននិយាយថា ពួកគេត្រូវបាននាំទៅកន្លែងសុវត្ថិភាពក្នុងទីក្រុង Rafah ដោយមានការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ ហើយបន្ទាប់មកត្រូវបានលើកចេញឧទ្ធម្ភាគចក្រ។ ការជួយសង្គ្រោះ លោក Har និង លោក Marman ជាលើកទីពីរហើយចាប់តាំងពីការវាយប្រហារភេរវកម្មកាលពីឆ្នាំមុនដែលយោធាអ៊ីស្រាអែលបានយកមកវិញដោយជោគជ័យនូវចំណាប់ខ្មាំងនៅក្នុងតំបន់ហ្គាហ្សា៕