Close

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដាក់ចេញការងារសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្ត សំដៅបន្ដរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដាក់ចេញការងារសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្ត សំដៅបន្ដរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដាក់ចេញការងារសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្ត សំដៅបន្ដរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ, ប្រធាននាយកដ្ឋានកណ្តាល, ប្រធាននាយកដ្ឋាន-អង្គភាព, ស្នងការនគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឯកភាពតាមរបាយការណ៍គ្រប់ផ្នែក និងអង្គភាពទាំងអស់ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងក្នុងកិច្ចប្រជុំ និងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាននាយកដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្ត ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈនេះ រួមមាន៖

*ទី១៖ បុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកុម្ភៈ នៅតាមអង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវគ្រប់គ្រងការបំផ្ទុះផាវ, គ្រប់គ្រងក្មេងទំនើង ដែលមានចេតនាបង្កអុកឡុកសង្គម និងការកម្សាន្ដដែលហួសកម្រិតហើយឈានដល់ការប្រើហិង្សា, គ្រប់គ្រងការសម្រួលចរាចរណ៍នៅតំបន់ទីប្រជុំជន។

*ទី២៖ ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ត្រូវត្រៀម និងប្រុងប្រយ័ត្នគ្រប់កាលៈទេសៈ និងក្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។

*ទី៣៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយត្រូវការពារសន្ដិសុខ សណ្ដាប់ធ្នាប់ឲ្យបានជោគជ័យ១០០ភាគរយ។

ដើម្បីធានាដល់សុខសន្ដិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន ប្រធាននាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដូចខាងក្រោម៖

*ទី១៖ ការងារសន្ដិសុខ៖ ត្រូវបន្ដទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទកុំឲ្យកើតមាននៅលើទឹកដីប្រទេសកម្ពុជា, ម្ចាស់ការទប់ស្កាត់បង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម ដោយត្រូវក្ដោបក្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវការពារឲ្យខាងតែបាននូវរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលខិតខំកសាង, ជំរុញស្រាវជ្រាវបង្ក្រាបបទល្មើស ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងបន្ដពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ដែលជាកម្លាំងជំនួយដ៏សំខាន់ដល់នគរបាលជាតិ។

*ទី២៖ ការងារប្រឆាំងបទល្មើស៖ នាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ត្រូវវាយតម្លៃការបម្រែបម្រួលបទល្មើសឡើងវិញ ខណៈការបង្ក្រាបសម្រេចបានរហូតដល់ជាង៩០ភាគរយ ដែលជាតួលេខមួយដ៏ល្អនៃប្រតិបត្តិការរបស់សមត្ថកិច្ច។ ខិតខំបង្ក្រាបបទល្មើសដែលនៅសេសសល់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្ត ដែលមានព្រំដែនជាប់គ្នា។ ចំពោះបទល្មើសគ្រឿងញៀន ត្រូវបន្ដខិតខំស្រាវជ្រាវបង្ក្រាប បង្ការទប់ស្កាត់ និងជំរុញការអនុវត្តផែនការយុទ្ធនាការ។ ពង្រឹងទប់ស្កាត់ បង្ការការងារប្រឆាំងការជួញដូរមនុស្ស និងបង្កើនកិច្ចសហការល្អដើម្បីសង្គ្រោះជនរងគ្រោះ។ ទប់ស្កាត់ និងបង្ការក្មេងទំនើងដែលបង្កអសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងសង្គម។

*ទី៣៖ ការងារសណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍៖ ត្រូវរឹតបន្ដឹងការអនុវត្តច្បាប់ ត្រួតពិនិត្យជាតិស្រវឹង ប្រកបដោយភាពទទួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ សំដៅទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ហើយជនបង្ករត់គេចខ្លួន ត្រូវខិតខំស្រាវជ្រាវដើម្បីឈានដល់ការចាប់ខ្លួនជនបង្កយកមកចាត់វិធានការតាមច្បាប់។ ការត្រួតពិនិត្យរថយន្ដធុនធ្ងន់ ត្រូវបន្ថែមនូវការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបរ ហើយត្រូវមានកម្លាំងអន្ដរាគមន៍ដើម្បីជួយដល់សមត្ថកិច្ចនគរបាលចរាចរណ៍។

ការងារអគ្គិភ័យ កន្លងទៅទទួលបាននូវការកោតសរសើរពីប្រជាពលរដ្ឋ ប៉ុន្ដែត្រូវជំរុញ និងបង្កើននូវការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សំដៅបង្ការគ្រោះថ្នាក់ជាយថាហេតុ ហើយត្រូវចូលរួមម្ចាស់ការដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ព្រោះនៅពេលមានហេតុការណ៍បន្ដិចបន្តួចអាចគ្រប់គ្រងបាន។ ករណីនេះ នាយកដ្ឋានជំនាញ ត្រូវពិនិត្យមើលដែលកន្លងមកមានជនខិលខូចដើរលក់បំពង់អគ្គិភ័យ។

អត្ថបទទាក់ទង