ក្រសួងកសិកម្មពិភាក្សាអំពីយន្តការគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មទំនើបនៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិវឌ្ឍដំណាំសាវប្បកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអំពីយន្តការគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មទំនើប ដែលប្រព្រឹត្ដទៅនៅសាលាខេត្តបន្ទាយមានជ័យ ដោយមានការរៀបចំដោយកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម។
![](https://ennasia.com/wp-content/uploads/2024/01/photo_2024-01-12_11-14-03-1-1024x682.jpg)
កិច្ចប្រជុំនេះរៀបចំឡើង នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ ក្នុងគោលបំណងលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ រក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន និងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ-សង្កាត់ រួមទាំងបង្កើតសហគមន៍កសិកម្មទំនើបជាដើម។ កិច្ចប្រជុំនេះ រួមមាន ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកកម្មវិធី ASPIRE-AT ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការទទួលបន្ទុកការងារសហគមន៍កសិកម្មទំនើប ឯកឧត្តមអនុរដ្ឋលេខាធិការ មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅកម្មវិធី ASPIRE AT ទាំង២១ និងតំណាងផ្នែកពាក់ព័ន្ធសរុបចំនួន ៩០រូប។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការទទួលបន្ទុកការងារសហគមន៍កសិកម្មទំនើប បានថ្លែងថា សហគមន៍កសិកម្មទំនើបគឺជាសហគមន៍ជោគវាសនាតែមួយ ដែលអាចជួយកសិករជាសមាជិកដែលជួបការលំបាកដូចជាលោកយាយបាន។
![](https://ennasia.com/wp-content/uploads/2024/01/photo_2024-01-12_11-14-40-1024x768.jpg)
ឯកឧត្តម បន្តថា លក្ខណៈពិសេសមួយនៃសហគមន៍ប្រភេទនេះគឺ ផលិតរួម គ្រប់គ្រងរួម តែធ្វើការបែងចែកភាគលាភប្រកបដោយសមធម៌ ទៅតាមសមមាត្រនៃទំហំដើមទុនជាដីឬដំណាំរៀងៗខ្លួន ដោយមិនតម្រូវឱ្យសមាជិកម្នាក់ៗចាំបាច់ត្រូវតែចូលរួមធ្វើដោយផ្ទាល់នោះទេ។
បើតាម ឯកឧត្តម ឃឹម ហ្វីណង់ សមាជិកសហគមន៍មានជម្រើសបត់បែនក្នុងការប្រើប្រាស់ពេលវេលាដែលខ្លួនមាន អាចជួលជាកម្លាំងពលកម្មឱ្យសហគមន៍វិញដើម្បីបានចំណូលបន្ថែមក៏បាន ឬយកពេលវេលាទៅធ្វើការងារអ្វីផ្សេង ដូចជាទៅធ្វើបុណ្យដូចលោកយាយក៏បាន។ អ្នកខំប្រឹងរឹតតែបានចំណូលបន្ថែមកាន់តែច្រើន ចំណែកឯអ្នកជួបការលំបាកក៏សហគមន៍អាចរ៉ាប់រងជំនួសបាន។
អស់រយៈកាលជាង១ខែ ក្រោយពីកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប ត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារបានចុះជួបផ្សព្វផ្សាយ ជួបពិភាក្សា និងជំរុញកម្មវិធីគោលនយោបាយនេះដោយផ្ទាល់ជាមួយបងប្អូនកសិករ និងសហគមន៍នានា នៅក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកណ្តាល បានសរុបចំនួន ៣៦ដង ក្នុងនោះ សហគមន៍ស្រូវ ១១ដង សហគមន៍បន្លែ ១៨ដង និងសហគមន៍ផ្សេងៗទៀត ៧ដង ប៉ុន្តែនេះជាលើកទី១មួយហើយ ដែលបានជួបធ្វើការជាមួយបងប្អូនសហគមន៍ស្វាយចន្ទី៕