មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ រិះគន់លោក Blinken ថា មកលក់ការយល់ខុសរបស់គាត់ទៅដល់ប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៌ារ

បរទេស៖ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ លោក Osama Hamdan បានរិះគន់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដែលទើបតែបញ្ចប់ដំណើរទស្សកិច្ចទៅកាន់ប្រទេសមជ្ឈិមបូព៌ាមួយចំនួន រួមទាំងប្រទេសអ៊ីស្រាអែលផងដែរនោះ ថា មកលក់ការយល់ខុសរបស់គាត់ទៅដល់បណ្តាប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៌ារ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុង Beirut ប្រទេសលីបង់ កាលពីថ្ងៃពុធ លោក Osama Hamdan បាននិយាយថា លោក Blinken មកដើម្បីលក់ការយល់ខុសរបស់គាត់ ដល់ប្រទេសទាំងអស់ដែលគាត់បានជួប ដោយសម្លឹងមើលដោយភ្នែកម្ខាង ទទួលយកការរៀបរាប់អំពីការកាន់កាប់ (អ៊ីស្រាអែល) និងគាំទ្ររបៀបវារៈរបស់ខ្លួនក្នុងការសម្លាប់ប្រជាជន និងរំលាយបុព្វហេតុប៉ាឡេស្ទីន »។

ជាមួយគ្នានោះដែរមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់រូបនេះ ក៏បានស្វាគមន៍ចំពោះចំណាត់ការចុងក្រោយរបស់អង្គការសហប្រជាជាតិដើម្បី បញ្ចប់ការឈឺចាប់របស់ជនស៊ីវិលប៉ាឡេស្ទីនផងដែរ ។
លោក Osama Hamdanថ្លែងថា«យើងរង់ចាំសកម្មភាពចំណាត់ការបន្ទាន់ ពីលោកស្រី Sigrid Kaag ដែលបានមកបំពេញបេសកកម្មកាលពីថ្ងៃចន្ទមុន ខណៈលោកស្រី ត្រូវបានតែងតាំងដោយអគ្គលេខាធិការអង្គការហប្រជាជាតិ លោក Antonio Guterres ដើម្បីបញ្ចប់ការឈឺចាប់របស់ជនស៊ីវិលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបទាំងអស់ ជាពិសេសបញ្ចប់ការដាក់សម្ពាត និង បង្គាប់បញ្ជា លើការងារ ផ្សេងៗ»។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បានជួបជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu និងមេដឹកនាំកំពូលប្រទេសអ៊ីស្រាអែលផ្សេងទៀតកាលពីថ្ងៃអង្គារ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ាក្នុងគោលបំណងលុបបំបាត់ភាពតានតឹងក្នុងតំបន់ និងការពារការរីករាលដាលនៃ ជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប៕