Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណាត់ផ្លូវជាតិលេខ៥ គឺជាសមិទ្ធផលរួមគ្នារវាងរដ្ឋាភិបាល កម្ពុជា-ជប៉ុន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណាត់ផ្លូវជាតិលេខ៥ គឺជាសមិទ្ធផលរួមគ្នារវាងរដ្ឋាភិបាល កម្ពុជា-ជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណាត់ផ្លូវជាតិលេខ៥ គឺជាសមិទ្ធផលរួមគ្នារវាងរដ្ឋាភិបាល កម្ពុជា-ជប៉ុន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កំណាត់ផ្លូវជាតិលេខ៥ គឺជាសមិទ្ធផលរួមគ្នារវាងរដ្ឋាភិបាល កម្ពុជា-ជប៉ុន ខណៈសមិទ្ធផលនេះ គឺកើតចេញជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅពេល អញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និង បើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម ”នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ ជាថ្ងៃពិសេសមួយដែលបង្ហាញពីនិម្មិតរូបនៃការបន្តអភិវឌ្ឍន៍, និម្មិតរូបនៃការបន្តទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា, និម្មិតរូបនៃខួបទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន, និម្មិតរូបនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលកាន់តែរឹងមាំ។

ជាមួយគ្នានោះ សម្ដេចធិបតី ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមរក្សា ថែផ្លូវនៅកម្ពុជា ជាពិសេស ណាត់ផ្លូវជាតិលេខ៥ ដែលជាសម្បត្តិរួម ដើម្បីពលរដ្ឋប្រើប្រាស់បានច្រើនឆ្នាំទៅមុខទៀត។ បន្ថែមពីនេះ សម្តេចធិបតី បានផ្ដល់អនុសាសន៍ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធថែរក្សា ថែទាំសមិទ្ធផល ផ្លូវថ្នល់ និងស្ពានដែលបានសាងសង់ឡើងនូវទូទាំងប្រទេសឱ្យបានល្អ ហើយត្រូវពិនិត្យមើលលើការដឹកជញ្ជូនឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ជាពិសេសត្រូវសហការជាមួយវិស័យឯកជនលើវិស័យដឹកញ្ជូនចំពោះការអនុវត្តការងារនេះ។

សម្ដេចក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបញ្ឈប់ការ ប្រើប្រាស់យ័ន្តការពារ (ខ្នងបង្អែក) ដើម្បីបំពានច្បាប់ចរាចរណ៍នៅកម្ពុជាទៅ និងចូលរួមគោរពច្បាប់ចរាចរ និងដើម្បីសេចក្តីសុខ សុវត្ថិភាពលើដងផ្លូវទាំងអស់គ្នា។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានមានចំណាប់អារម្មណ៍ថា កម្ពុជាជាចំណុចកណ្ដាលនៃការតភ្ជាប់ របស់បណ្ដាប្រទេសក្នុងតំបន់ជាច្រើន ព្រមទាំងជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងតំបន់។ ឯកឧត្តម បន្តទៀតថា ជប៉ុន និងកម្ពុជាបានក្លាយជាដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០២៣ នេះតទៅ។ តាមរយៈសមិទ្ធផលថ្ងៃនេះនឹងរួមចំណែកយ៉ាងសំខាន់ជួយដល់កម្ពុជា ជាពិសេសការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផលិតផលរបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ៕

អត្ថបទទាក់ទង