អ៊ីស្រាអ៊ែលចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ លក់អាវុធDavid’s Slingលើកដំបូង
បរទេស៖ កាលពីថ្ងៃអាទិត្យ ប្រទេសហ្វាំងឡង់បានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការបញ្ជាទិញអាវុធប្រភេទបាញ់ការពារដែនអាកាសDavid’s Sling Air ពីប្រទេសអ៊ីស្រាអែល និងក៏បានក្លាយខ្លួនជាអតិថិជនបរទេសដំបូងបំផុតរបស់អ៊ីស្រាអែលក្នុងការបញ្ជាទិញអាវុធប្រភេទនេះផងដែរ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងការពារជាតិរបស់ប្រទេសអ៊ីស្រាអែល ហើយត្រូវបានចេញផ្សាយព្រោងព្រាតដោយក្រុមអ្នកកាសែតក្នុងស្រុកជាមួយនឹងចំណងជើងធំៗថាជាប្រវត្តិសាស្ត្រ ឬ Landmark deal របស់ប្រទេសក្នុងការលក់អាវុធដែលផលិតនៅក្នុងស្រុកមួយនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថា ទឹកប្រាក់ប៉ាន់ស្មាននៃកិច្ចព្រមព្រៀងក្នុងការបញ្ជាទិញមានចំនួនប្រមាណជា៣១៧លានអឺរ៉ូ ឬត្រូវជា៣៣៩លានដុល្លារ។
គួរឲ្យដឹងដែរថាDavid’s Sling ផលិតដោយប្រព័ន្ធការពារកម្រិតខ្ពស់នៃក្រុមហ៊ុន RafaelAdvanced Defense Systemsរបស់អ៊ីស្រាអែល ហើយDavid’s Sling មានសមត្ថភាពស្ទាក់ចាប់កាំជ្រួច និងរ៉ុក្កែតដែលមានចម្ងាយពី៤០គីឡូម៉ែត្រទៅ៣០០គីឡូម៉ែត្រ។
ក្រសួងការពារជាតិអ៊ីស្រាអែលបានសាទរយ៉ាងខ្លាំងចំពោះជោគជ័យនេះហើយថ្លែងទៀតថា៖ប្រព័ន្ធដ៏ទំនើបបំផុតមួយក្នុងពិភពលោកសម្រាប់ការស្ទាក់ចាប់មីស៊ីលផ្លោង និងច្រើនប្រភេទទៀតព្រមទាំងយន្តហោះគ្មានមនុស្សបើកផងហើយ ប្រព័ន្ធនេះ បានបង្ហាញពីសមត្ថភាពខ្ពស់ក្នុងការធ្វើសង្គ្រាម ព្រមទាំងស្ថានភាពប្រឈមជាច្រើនផ្សេងទៀត។
ហ្វាំងឡង់បានប្រកាសពីបំណងទិញប្រព័ន្ធអាវុធនេះតាំងតែពីខែមេសាមកម្ល៉េះពោលគឺមួយថ្ងៃបន្ទាប់ពីខ្លួនបានចូលជាសមាជិកណាតូ។ រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Kaikkonen បាននិយាយនៅពេលនោះថា ៖ប្រព័ន្ធ David’s Sling នឹងពង្រីកជួរប្រតិបត្តិការនៃសមត្ថភាពការពារដែនអាកាសនៅលើដីរបស់ប្រទេសហ្វាំងឡង់យ៉ាងខ្លាំងហើយវានឹងជួយប្រទេសជាតិក្នុងការស្ទាក់ចាប់គោលដៅនិងការពារដែនអាកាសរបស់ខ្លួននៅរយៈកម្ពស់ខ្ពស់ៗ៕