កងម្លាំងអ៊ីស្រាអែលសម្រុកចូលដល់កណ្តាលបេះដូងនៃតំបន់ហ្គាហ្សា
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកនេះបានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានជោគជ័យក្នុងការវាយលុករបស់ខ្លួនចូលទៅដល់កណ្តាលទីតាំងនៃតំបន់ហ្គាហ្សាហើយក្រោយបើកប្រតិបត្តិការយោធាដែលមានឈ្មោះថា Stormed។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអ៊ែល លោក Yoav Gallant បានអះអាងថា កងកម្លាំងយោធាអ៊ីស្រាអែល IDF បានសម្រុកចូលតាមភាគខាងជើង និងភាគខាងត្បូង ដោយមានការជួយគាំទ្រពីកងកម្លាំងជើងគោកផងជើងអាកាសផង និងសមុទ្រផង។
គួរឲ្យដឹងដែរថា នៅមុនការប្រកាសនេះបន្តិច អង្គការសុខភាពពិភពលោក WHO បាននិយាយថា ចំនួននៃការបាត់បង់ជីវិត និងការរងទុក្ខនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសគឺពិបាកនឹងធ្វើការវាស់វែងណាស់រហូតមកដល់ពេលនេះ ប៉ុន្តែក្នុងនោះអ្នកនាំពាក្យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិបានចង្អុលបង្ហាញថា ជាមធ្យមកុមារប្រមាណជា១៦០នាក់អាចនឹងត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃនៅក្នុងតំបន់ហ្គាហ្សា។
ទោះបីជាយ៉ាងណាក្តី កងកម្លាំងយោធាអ៊ីស្រាអែល IDF មិនបានធ្វើការថ្លែងការណ៍បន្ថែម ឬលំអិតអំពីការវាយប្រហាររបស់ខ្លួនឡើយដោយអះអាងថាពួកគេបានគ្រប់គ្រងទីតាំងកាន់កាប់ដ៏សំខាន់របស់ក្រុមហាម៉ាសដែលស្ថិតភាគខាងជើងនៃតំបន់ហ្គាហ្សារួចរាល់ហើយក្នុងការប្រយុទ្ធចុងក្រោយនេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyau ធ្លាប់បានលើកឡើងហើយអំពីអនាគតរបស់ទឹកដីហ្គាហ្សាដោយធានាថាអ៊ីស្រាអែលនឹងមិនគ្រប់គ្រងទីនេះឡើយដោយគ្រាន់តែទទួលខុសត្រូវលើសុវត្ថិភាព និងសន្តិសុខប៉ុណ្ណោះ ហើយការគ្រប់គ្រងនឹងប្រគល់ទៅឲ្យជនប៉ាឡេស្ទីនដដែល៕