Close

អគ្គមេបញ្ជាការអ៊ីរ៉ង់ ៖ អាមេរិកនឹងរងការវាយប្រហារធ្ងន់ធ្ងរបើគ្មានបទឈប់បាញ់កើតឡើងនៅហ្គាហ្សា

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អគ្គមេបញ្ជាការអ៊ីរ៉ង់ ៖ អាមេរិកនឹងរងការវាយប្រហារធ្ងន់ធ្ងរបើគ្មានបទឈប់បាញ់កើតឡើងនៅហ្គាហ្សា អគ្គមេបញ្ជាការអ៊ីរ៉ង់ ៖ អាមេរិកនឹងរងការវាយប្រហារធ្ងន់ធ្ងរបើគ្មានបទឈប់បាញ់កើតឡើងនៅហ្គាហ្សា

បរទេស៖ មេបញ្ជាការកំពូលរបស់ប្រទេសអ៊ីរ៉ង់និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Mohammad Reza Ashtiani កាលពីថ្ងៃអាទិត្យម្សិលមិញបានព្រមានថា សហរដ្ឋអាមេរិកនឹងប្រឈមមុខទៅនឹងផលលំបាកធ្ងន់ធ្ងរប្រសិនបើករណីជម្លោះនៅតំបន់ហ្គាហ្សាមិនអាចស្វែងរកវិធីសាស្ត្រដើម្បីមកបញ្ចប់បានទេនោះ។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក IRNA លោកបានបន្តទៀតថា៖ដំបូន្មានរបស់យើងនៅពេលនេះសម្រាប់ជនជាតិអាមេរិកគឺធ្វើយ៉ាងណាបញ្ចប់សង្គ្រាមនៅហ្គាហ្សា និងអនុវត្តបទឈប់បាញ់គ្នាភ្លាមៗ បើមិនដូច្នោះទេអាមេរិកនឹងត្រូវប្រឈមមុខទៅនឹងការវាយប្រហារខ្លាំងជាក់ជាមិនខាន។

មួយរយៈចុងក្រោយនេះ អ៊ីរ៉ង់បាន និងកំពុងអំពាវនាវយ៉ាងសកម្មឱ្យបញ្ចប់ការបង្ហូរឈាមទៅលើជនប៉ាឡេស្ទីន ហើយបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនម្តងហើយម្តងទៀតថាបានបង្កភាពតានតឹងនៅមជ្ឈិមបូព៌ា ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សា និងបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមិនធ្លាប់មានពីមុនមកដោយក្រុមហាម៉ាស ដែលបានធ្វើឱ្យប្រជាជនអ៊ីស្រាអែលប្រហែល១៤០០នាក់ភាគច្រើនជាជនស៊ីវិលនោះបានបាត់បង់ជិវិត។

នៅព្រឹកថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយថា អ៊ីស្រាអែលកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទៅលើរដ្ឋាភិបាលរបស់ប្រទេសអ៊ីស្រាអែល។

Press TVក៏បានសរសេរដែរថា៖អំពើឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ដែលគាំទ្រយ៉ាងពេញទំហឹងដោយសហរដ្ឋអាមេរិក បង្ហាញពីស្មារតីដ៏ក្រអឺតក្រទមរបស់ទីក្រុងវ៉ាស៊ីនតោន និងការញុះញង់ឱ្យមានការស្អប់ខ្ពើមក្នុងចំណោមប្រជាជាតិនានាជុំវិញពិភពលោក។

ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនអំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយជ្រើសរើសយកការផ្អាកសកម្មភាពមនុស្សធម៌ជំនួសវិញ។

មិនត្រឹមតែប៉ុណ្ណោះ មន្ទីរបញ្ចកោណក៏បានដឹកជញ្ជូនសព្វាវុធបន្ថែមទៅឲ្យកងកម្លាំងយោធាអ៊ីស្រាអែលហៅកាត់ថា IDF និងបានបញ្ជូនកងនាវាចរទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងលិច ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែលទៀតផង៕

អត្ថបទទាក់ទង