Close

លិខិតមិត្តអ្នកអាន៖ កម្ពុជា ទឹកដីកំណើតរង់ចាំស្វាគមន៍អ្នក

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ទស្សនៈវិភាគ
លិខិតមិត្តអ្នកអាន៖ កម្ពុជា ទឹកដីកំណើតរង់ចាំស្វាគមន៍អ្នក លិខិតមិត្តអ្នកអាន៖ កម្ពុជា ទឹកដីកំណើតរង់ចាំស្វាគមន៍អ្នក

ឆ្លងកាត់ប្រវត្តិដ៏សែនរន្ធត់ លំបាកវេទនារកអ្វីប្រៀបផ្ទឹមពុំបាន ក្នុងអតីតកាល ពីចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩ មានបងប្អូនប្រជាពលរដ្ឋខ្មែរមិនតិចទេ ដែលតែងតែង្ហូរទឹកភ្នែក នៅពេលដែលរំលឹកដល់រឿងអតីតកាលក្នុងសម័យសង្គ្រាម និងសម័យរបបវាលពិឃាតខ្មែរក្រហម ដ៏ឃោរឃៅ។ ជាមួយរឿងរ៉ាវដ៏ជូរចត់នេះ ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ត្រូវរត់ភៀសខ្លួន ទៅជ្រកកោននៅក្រៅប្រទេស ហើយមកដល់ពេលបច្ចុប្បន្ននេះ ក៏បាននិងកំពុងបន្តរស់នៅក្រៅប្រទេសនៅឡើយ។ បងប្អូនខ្លះទៀត មិនទាន់ទាំងបានវិលត្រឡប់មកលេងស្រុកកំណើត និងមកលេងទឹកដីកម្ពុជាវិញផងក៏មាន។

កម្ពុជាក្នុងសម័យសង្គ្រាម និងសម័យខ្មែរក្រហម គឺពិតជាកំសត់ និងលំបាកលំបិនក៏ពិតមែន ប៉ុន្តែកម្ពុជាពេលនេះ បានប្រែប្រួលមុខមាត់ថ្មីស្ទើរទាំងស្រុងទៅហើយ។ សម័យតេជោ គឺល្បីរន្ទីពាសពេញសកលលោក ហើយខ្មែរបច្ចប្បន្នក៏លែងរស់នៅក្នុងភាពកំសត់វេទនាទៀតដែរ។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋ ខ្មែរ ដែលបានរត់ភៀសខ្លួន ទៅរស់នៅក្រៅប្រទេសនឹកនាដល់ស្រុកកំណើត និងនឹករលឹកដល់ទឹកដីកម្ពុជា ប្រាកដជាអាចវិលត្រឡប់មកមើលការអភិវឌ្ឍនៅកម្ពុជាបាន ជាពិសេសគឺភាពរីកចំរើនជឿនលឿនថ្មីៗ ដែលបងប្អូនអាចនឹកស្មានមិនដល់។

កម្ពុជាពីអតីតកាលដែលរងគ្រោះដោយសារសង្គ្រាម គឺពិតជាសោកសង្រេង ពីព្រោះ សង្គ្រាម បានបំផ្លាញចោលស្ទើរអស់រលីងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម រោងច្រក សហគ្រាស ផ្សារ និងផ្ទះសំបែងប្រជាពលរដ្ឋ ត្រូវបានបំផ្លាញគ្មានសល់ និងសូម្បីតែធនធានមនុស្សកម្ពុជា ក៏ត្រូវបានកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។ ត្រឹមតែមួយបប្រិចភ្នែកសោះ កម្ពុជាបានរលាយហិនហោច ខ្លាចផ្សារស្ទើរក្លាយទៅជាផេះទៅហើយ។ ហើយនេះគឺជាមូលហេតុ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ត្រូវរត់ភៀសខ្លួនទាំងបង្ខំ ដើម្បីបានទៅរស់នៅ និងជ្រកកោននៅប្រទេសគេ។

ការរត់ភៀសខ្លួនទៅក្រៅប្រទេសនៅពេលនោះ មិនមែនជាជម្រើសដែលបងប្អូនជំនាន់នោះចង់ធ្វើនោះទេ ប៉ុន្តែគឺដើម្បីគេចចេញពីគ្រោះថ្នាក់ រត់ពីភ្លើងសង្គ្រាម និងការកាប់សម្លាប់។ ការឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាសពីឪពុកម្តាយ បងប្អូន សាច់ញាតិ បែកបាក់ស្ទើរគ្រប់ក្រុមគ្រួសារ ហើយសូម្បីតែមកដល់ពេលបច្ចុប្បន្ននេះហើយ ក៏នៅតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនទាន់បានទទួលដំណឹងពីសាច់ញាតិ ឬបងប្អូនដែលបានបែកបាក់គ្នានៅឡើយផង។ សោកនាដកម្មនៃការព្រាត់ប្រាសក្នុងរង្វង់គ្រួសារ បានបង្កនូវការឈឺចាប់ហួសពីការដែលអាចទ្រាំទ្របាន រហូតមានប្រជាជនខ្លះទៀត ធ្លាក់ខ្លួនទៅជាឆ្អួតវង្វេងស្មារតី ឬរសាត់អណ្តែតតែម្នាក់ឯងក៏មាន។ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកើតក្នុងសម័យសង្គ្រាម ឬកើតក្នុងជំនាន់នោះ គឺពិតជាយល់យ៉ាងច្បាស់នូវទំហំនៃការឈឺចាប់នេះដែលមិនអាចបំភ្លេចបាន។ សម័យនោះ មានសមាជិកគ្រួសារជាច្រើន បានឃ្លាតឆ្ងាយពីគ្នា មានទាំងឃ្លាតស្លាប់ និងឃ្លាតរស់ក៏មាន។

ណ្ហើយចុះអតីតកាលកន្លងទៅ វាឈឺចាប់ណាស់ ពេលរំលឹកម្តងៗ គឺវាស្ទើរតែចុកបែកដើមទ្រូងទៅហើយ។ ប្រជាពលរដ្ឋខ្លះហាក់មិនចង់រំលឹកពីរឿងរ៉ាវអតីតកាលក្នុងសម័យសង្គ្រាម និងរបបវាលពិឃាតឡើយ តែក៏នៅមានបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ និងអ៊ុំពូមីងខ្លះ នៅតែបន្តប្រាប់ពីដំណើរជីវិតដ៏សែនកំសត់ និងជូរចត់របស់ពួកគាត់ ទៅកាន់កូនចៅជំនាន់ក្រោយផងដែរ។ គោលដៅធំនោះ គឺការរំលឹកពីបទពិសោធន៍នៃការហែលឆ្លងរឿងរ៉ាវឈឺចាប់ដ៏លំបាក ដើម្បីប្រាប់ក្មេងជំនាន់ក្រោយឱ្យបានដឹងពីអតីតកាលរបស់ជីដូនជីតា និងអាណាព្យាបាល ព្រមទាំងសាច់ញាតិរបស់ខ្លួន ហើយដែលសំខាន់ម៉្យាងទៀតនោះ គឺដើម្បីផ្តល់ដំបូន្មានដល់កូនចៅជំនាន់ក្រោយ ឱ្យប្រឹងប្រែងតស៊ូក្នុងជីវិតរបស់ពួកគេ ត្បិតថាអ្វីៗដែលពួកគេកំពុងតែមានក្នុងពេលបច្ចុប្បន្ននេះ គឺពិតជាអំណោយផលខ្លាំងណាស់ សំរាប់ការរស់នៅ និងកសាងជីវិតរបស់ពួកគេ។ ត្បិតក្មេងៗកើតក្នុងសម័យតេជោសែន ភាគច្រើនបានស្រណុកទាំងកាយ ស្រណុកទាំងចិត្ត។ ស្ថានភាពដ៏ល្អប្រសើររបស់ប្រទេសជាតិ ដែលយុវជនជំនាន់បច្ចុប្បន្នកំពុងទទួលបាន ក៏មិនមែនបានដោយទទេរៗនោះដែរ គ្រប់យ៉ាងកើតឡើងពីការខិតខំប្រឹងប្រែងរបស់អ្នកជំនាន់មុន ដែលខិតខំយកអស់កំលាំងកាយចិត្ត និងហ៊ានប្តូរផ្តាច់លះបង់ជីវិតដើម្បីទឹកដី ជាតិមាតុភូមិ និងហ៊ានធ្វើគ្រប់បែបយ៉ាង ដើម្បីត្រួសត្រាយផ្លូវដ៏ល្អសម្រាប់ក្មេងជំនាន់ក្រោយ។ គុណសម្បត្តិនិងគុណូបការៈទាំងអស់នេះ យើងមិនអាចមើលរំលងបានពីវីរៈភាពជាគម្រូ របស់មេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត ដែលហ៊ានប្តូរជីវិតធ្វើជាដើមទុនដើម្បីសង្គ្រោះជាតិឡើយ។ បើគ្មានការលះបង់របស់អ្នកជំនាន់មុន ក្មេងជំនាន់ក្រោយក៏គ្មានវីថីជីវិតដ៏ល្អដូចសព្វថ្ងៃនេះដែរ។

ងាកមកបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនដោយសេចក្តីភ័យខ្លាចចំពោះសង្គ្រាម និងរបបប្រល័យពូជសាសន៍ គឺមួយចំនួននៅមិនទាន់បានវិលត្រឡប់មកកាន់ទឹកដីកំណើតរបស់ខ្លួនវិញនៅឡើយទេ បើទោះបីជាប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចំរើនជឿនលឿនដូចបច្ចុប្បន្នក៏ដោយ។ មូលហេតុដោយសារ ពួកគាត់ខ្លះនៅតែដិតដាមដោយស្រមោលអតីតកាលដែលបានជួបនូវស្ថានភាពដ៏ព្រៃផ្សៃ និងសោកសង្រេងបំផុត។ ប៉ុន្តែដោយមានជំនឿចិត្តលើការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដោយមានក្តីនឹករលឹកជាពន់ពេកចំពោះប្រទេសកំណើតដ៏កំសត់របស់ខ្លួន មានបងប្អូនខ្មែរនៅក្រៅប្រទេសមួយចំនួន បានធ្វើដំណើរមកលេងទឹកដីកម្ពុជា និងស្រុកកំណើតរបស់ខ្លួនជាបន្តបន្ទាប់។ ខ្លះមកម្តងហើយមកម្តងទៀត ខ្លះទៀតមកដល់ទឹកដីកំណើតក្នុងសម័យសន្តិភាព និងអភិវឌ្ឍន៍ហើយហាក់មិនចង់ត្រឡប់ទៅវិញឡើយ។

ទោះបីជាស្ថានភាពក្នុងប្រទេសកម្ពុជាគ្រប់យ៉ាងពេលនេះ បាននិងកំពុងមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃក្តី ប៉ុន្តែគួរឱ្យសោកស្តាយ ដែលមានបងប្អូនខ្មែរនៅក្រៅស្រុកមួយចំនួនតូច នៅតែបន្តភ័យខ្លាចដោយសារតែស្រមោលរឿងរ៉ាវពីអតីតកាលផង និងដោយការគិតខុសព្រោះស្តាប់ព័ត៌មានមិនពិត ភូតភរ បោកប្រាស់របស់ក្រុមប្រឆាំងអមិត្តផង។ ទោះបីជាបែបនេះក្តី យើងនៅតែចង់ផ្តាំផ្ញើរទៅបងប្អូននៅក្រៅប្រទេស ជាពិសេសបងប្អូនដែលឃ្លាតឆ្ងាយពីប្រទេសកំណើតតាំងពីសម័យសង្គ្រាម ឬសម័យរបបប្រល័យពូជសាសន៍ថា កម្ពុជាពេលនេះ បានផ្លាស់ប្តូរស្ថានភាពហើយ ល្អប្រសើរទាំងស្រុងហើយ មិនថាក្រុងឬជនបទការអភិវឌ្ឍ កំពុងដើរទន្ទឹមគ្នាយ៉ាងត្រសង។ អគារខ្ពស់ៗ បុរី ផ្ទះល្វែង វីឡា រីសត ចំការ ស្រែដំណាំ កន្លែងកម្សាន្ត ទាំងធម្មជាតិ និងកែច្នៃ ផ្សារទំនើប ផ្លូវ ស្ពាន សាលា មន្ទីរពេទ្យ វត្តអារាម និងសូម្បីតែកន្លែងដែលធ្លាប់តែបែកបាក់ក៏បានជួសជុល និងសាងសង់ថ្មីរួចរាល់ហើយ ភាពរីកចំរើនដែលមិនធា្លប់មានក្នុងអតីតកាលនោះក៏លេចរូបរាងឡើងហើយ ជីវភាពប្រជាពលរដ្ឋទូទៅក៏ល្អប្រសើរឡើងហើយ។ ពលរដ្ឋកម្ពុជាលែងអត់ឃ្លាន លែងលំបាកវេទនា ដូចមុនទៀតហើយ គ្រប់យ៉ាងរួចរាល់ហើយ សម្រាប់ត្រៀមចាំស្វាគមន៍វត្តមានបងប្អូនខ្មែរយើងត្រឡប់មកលេងកម្សាន្តនៅទឹកដីកំណើតរបស់ខ្លួនវិញ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុង១ឆ្នាំៗ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ដើរលេងកម្សាន្តទាំងជាតិ និងអន្តរជាតិរាប់លានអ្នក ដូច្នេះសាកស្រមៃមើលថា សូម្បីជនបរទេសខ្លះមកដើរលេងកម្សាន្ត និងបើកក្រុមហ៊ុន ធ្វើពាណិជ្ជកម្ម រកស៊ីជួញដូរគ្រប់ប្រភេទ និងខ្លះទៀតឆ្លៀតទាំងបង្កើតគ្រួសាររស់នៅលើទឹកដីកម្ពុជាទៀត ចុះទំរាំយើងដែលជាខ្មែរ មានរឿងអីដែលត្រូវខនខានមិនបានមកលេងប្រទេសកំណើតរបស់ខ្លួននោះ? កម្ពុជាសម័យថ្មី សម័យសន្តិភាព សម័យអភិវឌ្ឍន៍ សម័យតេជោ រស់ចាំទទួលស្វាគមន៍ព្រមដោយស្នាមញញឹម រីករាយទទួលបងប្អូនមកលេងទឹកដីកំណើតយ៉ាងកក់ក្តៅជាទីបំផុត ជាពិសេសឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ៕

ដោយ៖ ស ជាតិ

អត្ថបទទាក់ទង