កម្ពុជាស្នើឱ្យក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធចិន បើកឱកាសឱ្យនិស្សិតខ្មែរចុះយកបទពិសោធន៍
កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ច និងពិភាក្សាការងារ តាមការអញ្ជើញរបស់លោក Wang Haihuai នាយកប្រតិបត្តិក្រុមហ៊ុន CCCC នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងប្រទេសចិន។
ដោយឡែក ជំនួបជាមួយក្រុមហ៊ុន CCCC ក្នុងទីក្រុងប៉េកាំងនេះ គឺធ្វើឡើង ដើម្បីជជែកលើកិច្ចការងារសហប្រតិបត្តិការ និងការវិនិយោគរវាងកម្ពុជា ជាមួយក្រុមហ៊ុនស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយរបស់ប្រទេសចិន។
តាមរយៈឱកាសជួបពិភាក្សានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យមាននិស្សិតវិស្វករពី វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន អាចទទួលបានឱកាសចុះទៅសិក្សាទទួល យកបទពិសោធន៍អនុវត្តការងារដោយផ្ទាល់ពីក្រុមហ៊ុនធំលំដាប់ពិភពលោកនេះ ក្នុងគោលបំណង ដើម្បីបង្កើននូវសមត្ថភាពនិស្សិតវិស្វករខ្មែរបន្ថែមទៀត។
យ៉ាងណាមិញ លោកនាយកប្រតិបត្តិ ក៏បានលើកឡើងផងដែរអំពីបទពិសោធន៍ នៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល២២ឆ្នាំកន្លងទៅនេះ។
បន្ថែមពីនេះ ក្រុមហ៊ុនក៏បានរំលេចផងដែរថា ចាប់តាំងពីផ្តើមប្រតិបត្តិការដំបូងនៅប្រទេសកម្ពុជា ក្រៅពីកិច្ចការងារវិនិយោគ ក្រុមហ៊ុនបានចូលរួមការងារសង្គមនៅកម្ពុជាជាបន្តបន្ទាប់ រហូតមកដូច ជាការកសាងសាលារៀន មន្ទីរពេទ្យ និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋនៅសហគមន៍ជាដើម។
ស្របតាមការលើកឡើងរបស់លោកនាយកប្រតិបត្តិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលកម្ពុជា បាននិងកំពុងសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនលើគម្រោងមួយចំនួនរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតជាច្រើនក្នុងប្រទេសកម្ពុជា៕