លោក Wang Yi បំពេញទស្សនកិច្ចនៅអាមេរិកមុនជំនួបកំពូលរវាងមេដឹកនាំទាំងពីរនៅ APEC
បរទេស៖ បើមិនមានអ្វីប្រែប្រួលនោះទេ មន្ត្រីកំពូលផ្នែកកាទូតរបស់ចិននឹងត្រូវធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ិនតោននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះរយៈពេល៣ថ្ងៃ។
យោងតាមការអះអាងរបស់សារព័ត៌មានអន្តរជាតិជាតិបានឲ្យដឹងថាសកម្មភាពជាច្រើនរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលទីក្រុងប៉េកាំងមួយរយៈចុងក្រោយនេះគឺធ្វើឡើងដើម្បីអាចរក្សាកិច្ចពិភាក្សាថ្នាក់កំពូលឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានក្នុងពេលដែលមានភាពខ្វែងគំនិតគ្នាជាច្រើនលើបញ្ហាមួយចំនួនរបស់ពិភពលោក។
តាមផែនការ លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi នឹងត្រូវធ្វើដំណើរទៅជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ដើម្បីពិភាក្សាគ្នាទៅលើប្រធានបទជាច្រើនរួមមានទាំងបញ្ហាជម្លោះនៅហ្គាហ្សា ជម្លោះនៅអ៊ុយក្រែន និងបញ្ហាប្រឈមមុខដាក់គ្នានៅដែនសមុទ្រចិនខាងត្បូងផងដែរ។
គួរឲ្យចាប់អារម្មណ៍ដែរថា ដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ចិនទៅកាន់អាមេរិកលើកនេះ គឺធ្វើឡើងក្នុងរយៈពេលមិនដល់២សប្តាហ៍ផងមុនកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក Asia-Pacific Economic Cooperation summit (APEC) នៅក្នុងទីក្រុង San Francisco ដែលគេរំពឹងទុកថា មេដឹកនាំចិនលោក Xi Jinping នឹងអាចជួបដោយផ្ទាល់ជាមួយនឹងមេដឹកនាំអាមេរិកលោក Joe Biden។
ទោះបីជាយ៉ាងណាក្តី មកទល់ពេលនេះរដ្ឋាភិបាលក្រុងប៉េកាំងមិនទាន់បានអះអាងថា លោក Xi នឹងចូលរួមកិច្ចប្រជុំកំពូល APECដែលធ្វើឡើងនៅសហរដ្ឋអាមេរិកនេះ ឬយ៉ាងណានៅឡើយទេ៕