ធ្លាប់ឈ្នះពានរាប់មិនអស់! តែមានពានបុគ្គលតែមួយគត់ដែល Messi មិនដែលឈ្នះ
តារាឆ្នើម Inter Miami កីឡាករ Lionel Massi ត្រូវបានគេរំពឹងថា នឹងឈ្នះពាន Ballon d’Or ឆ្នាំ២០២៣ ដែលនឹងប្រគល់ពានរង្វាន់នៅទីក្រុងប៉ារីស នៅចុងខែនេះ។ នេះបើតាមការចេញផ្សាយរបស់កាសែតអាហ្សង់ទីន Doble Amarilla។
កីឡាករវ័យ ៣៦ឆ្នាំរូបនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការជួយក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតា។ មិនតែប៉ុណ្ណោះ Messi ក៏មានរដូវកាលដ៏ល្អគួរសម ជាមួយ PSG ផងដែរ មុនផ្លាសទៅកាន់ក្លិប Inter Miami របស់ Devid Backhem។
ពេញមួយអាជីពដ៏អស្ចារ្យ Messi រូបគេ ធ្លាប់ឈ្នះពានរង្វាន់បុគ្គលរាប់មិនអស់ និងបំបែកកំណត់ត្រា។ ទោះបីជាយ៉ាងណាក៏មានពានមួយ ដែលអតីតកីឡាកររបស់ក្រុមអ្នកមានបុណ្យ FC Barcelona មិនទាន់បានឈ្នះ នោះគឺ Golden Foot។
ពានរង្វាន់ Golden Foot មានអាយុកាល ២០ឆ្នាំមកហើយ ហើយអ្នកឈ្នះមុនៗរួមមានកីឡាករបាល់ទាត់ជាច្រើន។ ដើម្បីឈ្នះពានរង្វាន់នេះ កីឡាករនោះ ត្រូវតែមានអាយុលើសពី ២៨ឆ្នាំ ហើយវាជាពានរង្វាន់ដែលអាចឈ្នះបានតែម្តងប៉ុណ្ណោះ ក្នុងមួយអាជីព។
កន្លងមក វាត្រូវបានផ្តល់រង្វាន់ដល់អ្នកលេងល្អបំផុតប្រចាំឆ្នាំ តាមប្រតិទិនដែលត្រូវបានបោះឆ្នោតដោយអ្នកសារព័ត៌មាន។ អ្នកឈ្នះមុនៗ រួមមាន Cristiano Ronaldo, Mohamed Salah, Luka Modric និង Ronaldinho ជាដើម។ នៅឆ្នាំ ២០២២ ពានរង្វាន់នេះ ជារបស់ខ្សែប្រយុទ្ធ Robert Lewandowski របស់ Barcelona ។
គួររំលឹកថា Messi ខ្លួនឯង ក៏ធ្លាប់ជាប់ឈ្មោះជាច្រើនលើកផងដែរ សម្រាប់ពានជើងមាសនេះ ប៉ុន្តែមិនដែលឈ្នះនោះទេ។ ដូច្នេះហើយ គាត់នឹងសប្បាយចិត្តខ្លាំងណាស់ ប្រសិនបើគាត់អាចបំពេញការប្រមូលពានរង្វាន់ផ្ទាល់ខ្លួនរបស់គាត់នៅឆ្នាំនេះ៕