Close

ក្រសួងកសិកម្ម កំពុងពង្រឹងការងារលើការគ្រប់គ្រងថ្នាំ​ និងជីកសិកម្ម

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងកសិកម្ម កំពុងពង្រឹងការងារលើការគ្រប់គ្រងថ្នាំ​ និងជីកសិកម្ម ក្រសួងកសិកម្ម កំពុងពង្រឹងការងារលើការគ្រប់គ្រងថ្នាំ​ និងជីកសិកម្ម

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិភាក្សា​ស្តីពី​ការពង្រឹងការងារការគ្រប់គ្រងថ្នាំកសិកម្ម​ និងជីកសិកម្ម​។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានគូសបញ្ជាក់អំពីទស្សនាទានកសិកម្ម និងអនុសាសន៍ ឯកឧត្តមរដ្ឋមន្ត្រី ផ្តោតសំខាន់លើការធានាសន្តិសុខស្បៀង គុណភាពផលិតផល និងស្ថិរភាពតម្លៃក្នុងខ្សែ​ច្រវាក់តម្លៃ​ល្អ ការជំរុញសហគមន៍កសិកម្មតាមគម្រូថ្មី ព្រមទាំងការដាក់ពង្រាយមន្ត្រីផ្សព្ចផ្សាយកសិកម្មឃុំ ដើម្បីជួយដល់កសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានណែនាំឱ្យមានការផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកលក់​ធាតុចូល​កសិកម្ម និងពង្រឹងការផ្សព្វផ្សាយដល់កសិករលើការប្រើប្រាស់ធាតុចូលកសិកម្មឱ្យត្រឹមត្រូវតាម​បទដ្ឋានបច្ចេកទេស។

លើសពីនេះទៀត ក៏ត្រូវយកចិត្តមានការទុកដាក់ក្នុងការទប់ស្កាត់ ការនាំចូលធាតុចូលកសិកម្មខុស​ច្បាប់ ជាពិសេសនៅ​បណ្តាខេត្តជាប់ព្រំដែន ការលក់ Online មិនមានចុះបញ្ជីការត្រឹមត្រូវ ការក្លែងបន្លំ​គុណភាព ដែលនាំឱ្យមាន​ការប៉ះពាល់សុខភាព បរិស្ថាន និងបញ្ហាផ្សេងៗ។ មួយវិញទៀត ឯកឧត្តម ក៏បានណែនាំឱ្យពិនិត្យ​លទ្ធភាពលើសុពលភាពបញ្ជីការឱ្យលើសពី ៣ឆ្នាំផងដែរ។

បើតាម ឯកឧត្តម ជាយន្តការអគ្គនាយកដ្ឋានកសិកម្មត្រូវសិក្សាបន្ថែម និងត្រូវការសហការគ្នាល្អទាំង​ថ្នាក់​ជាតិ​និងថ្នាក់ក្រោមជាតិ និងត្រូវមានរបបរបាយការណ៍ប្រចាំខែច្បាស់លាស់ត្រឹមត្រូវ តាមដាន​ការត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីច្បាប់និងធាតុចូលកសិកម្ម ដល់អាជីវករនិងកសិករ​អ្នកប្រើប្រាស់​ឱ្យបាន​ទូលំទូលាយ ដើម្បីអនុវត្តការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនេះឱ្យ​បានល្អបំផុត៕

អត្ថបទទាក់ទង