Close

ព្រឹទ្ធសភាអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ព្រឹទ្ធសភាអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រឹទ្ធសភាអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១១ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៦០រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ទន្ទឹមនេះ ព្រឹទ្ធសភាអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងជំនួសច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាស-ចរណ៍ស៊ីវិលឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានការរីកចម្រើន និងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិក នៃអង្គការអាកាសចរណ៍-ស៊ីវិលអន្តរជាតិ (ICAO)។

សេចក្តីព្រាងច្បាប់នេះ ដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោល ការគាំទ្រនិងជំរុញវិស័យ ទេសចរណ៍ ពាណិជ្ជកម្ម ការទាក់ទាញនិងជំរុញដល់ការវិនិយោគផ្ទាល់ពីបរទេស និងធុរកិច្ចក្នុងស្រុកប្រកបដោយទំនុកចិត្ត និងមានលក្ខណៈសេដ្ឋកិច្ច។

ក្រោយពីសមាជិកព្រឹទ្ធសភា បានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

អត្ថបទទាក់ទង