សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចាត់ទុកការជួយប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាការប្រើព្រួញ១ បាញ់សត្វ៣!
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ថាការជួយប្រជាពលរដ្ឋប្រករបរ និងធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការប្រើព្រួញ១ បាញ់សត្វ៣។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានផ្ដល់ការពន្យល់ងាយៗថា៖ ទី១-គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម សំដៅលើការជួយប្រជាពលរដ្ឋដែលមានជីភាពកម្រិតទាបឱ្យកាន់តែមានជីវភាពខ្ពស់ ដើម្បីបង្ខិតគម្លាតជីវភាព តាមរយៈការជំរុញផលប្រយោជន៍ផ្សេងៗបានទៅដល់ដៃជនក្រីក្រ និងងាយរងគ្រោះ។ ទី២-គឺការពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គជាតិ ពីព្រោះពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាអ្នកងាយរងផលប៉ះពាល់ពីវិបត្តិផ្សេងៗ ដូចជាកូវីដ-១៩ជាដើម ដូច្នេះរដ្ឋត្រូវរកពួកគាត់ឱ្យឃើញ ហើយត្រូវពង្រឹងសមត្ថភាព និងភាពធន់ និងទី៣-គឺកំណើនសេដ្ឋកិច្ច ពោលគឺនៅពេលពលរដ្ឋចាកផុតពីភាពក្រីក្រ ជា ពិសេសនៅពេលពលរដ្ឋប្រកបរបរក្រៅប្រព័ន្ធកាន់តែមានជីវភាពប្រសើរ និងភាពធន់ សេដ្ឋកិច្ចជាតិនឹងកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា ក្នុងជំហានដំបូងនៃការអនុវត្ត យុទ្ធសាស្រ្តជាតិ ស្ដីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ រាជរដ្ឋាភិបាលបានកំណត់វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារដូចខាងក្រោម៖
ផ្នែកសហគ្រាស, មានលក់ដុំ , លក់រាយ , ជួសជុល , ផ្ដល់សេវាកម្មស្នាក់នៅនិងអាហារ , សិប្បកម្មនិងសហគមន៍កសិកម្ម , អ្នកប្រកបអាជីវកម្មនិងធ្វើការងារជាកម្មករសំណង់ , អ្នកបម្រើសេវាកម្មភេសជ្ជៈកំសាន្ត , ម៉ាស្សា , កែសម្ពស្ស ,សាឡន ,ជាងកាត់សក់ , អ្នករត់ម៉ូតូឌុប , អ្នករត់ម៉ូតូកង់បី , ម៉ូតូដឹកទំនិញ , តាក់ស៊ី , អាជីវករលក់តាមផ្សារ , សិល្បៈករ ,សិល្បៈការិនី , កីឡាករ
, អ្នកសារព័ត៌មាន , អាជីវករចល័តតាមដងផ្លូវ , អ្នកបម្រើសេវាតាមរោងការ និងពលករក្នុងវិស័យកសិកម្ម។
,
បន្ទាប់ពីបានចុះបញ្ជីដោយស្ម័គ្រចិត្ត អ្នកធ្វើការងារពាក់ព័ន្ធដូចបានបញ្ជាក់នេះ សម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍ចនួន៩ចំណុច និងទទួលបានការគាំទ្រផ្នែកបណ្ដុះបណ្ដាលនានា និងទទួលបានការផ្ដល់កម្ចីអនុគ្រោះផ្សេងៗ ជាពិសេសពីធានាគារអភិវឌ្ឍន៍ជនបទ។
ចំណែកអ្នកធ្វើការស្វ័យនិយោជន៍ ដូចជាលក់ទឹកអំពៅ រត់ម៉ូតូកង់បីជាដើម….នឹងទទួលបានអត្ថប្រយោជន៍ជាអាទិ៍ ការថែសុខភាពដោយឥតគិតថ្លៃ តាមរយៈបណ្ណក្រៅក្រ ការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃ និងផ្ដល់ប្រាក់ឧបត្ថមុ្ភប្រចាំខែ កូនចៅអាចទទួលបានអាហារូបករណ៍ប្រាក់ឧត្ថម្ភ ទទួលបានឱកាសជួយស្វែងរកងារធ្វើ…។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា«សរុបសេចក្ដីមក ការចុះបញ្ជីរបស់បងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋបានអ្វីមកវិញ? គឺរដ្ឋបានព័ត៌មានដើម្បីរៀបចំផែនការជួយឱ្យបានចំគោលដៅ ចំតម្រូវការ និងទាន់ពេលវេលា! ហើយរដ្ឋក៏បាននូវធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ចកាន់តែមានសក្ដានុពលចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ»៕