អាមេរិក បញ្ជាឲ្យចេញនាវាផ្ទុកយន្តហោះចម្បាំង ព្រមទាំងនាវាចម្បាំងច្រើនទៀតដើម្បីឆ្លើយតបសកម្មភាពរបស់ក្រុមហាម៉ាស
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក លោក Lloyd Austin បានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថា នាវាចម្បាំងជាច្រើនបូករួមទាំងនាវាផ្ទុកយន្តហោះចម្បាំងផងបានធ្វើដំណើរទៅក្បែរភាគខាងកើតនៃតំបន់ឈូងសមុទ្រមេឌីទែរ៉ាណេហើយដើម្បីធ្វើការឆ្លើយតបទៅនឹងក្រុមហាម៉ាសដែលបានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំលើប្រទេសអ៊ីស្រាអែល។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយមុននេះបន្តិច លោក Austin បានបញ្ជាក់ថា នៅថ្ងៃនេះដើម្បីឆ្លើយតបទៅនឹងក្រុមហាម៉ាសពួកយើងបានពិភាក្សាគ្នាយ៉ាងលំអិតរួចរាល់ជាមួយនឹងលោកប្រធានាធិបតី Joe Biden ហើយជាលទ្ធផលខ្ញុំក៏បានចេញបញ្ជាដើម្បីឲ្យចាប់ផ្តើមមានការពង្រឹងកម្លាំងការពារជាតិធ្វើយ៉ាងណាធានាឲ្យបាននូវកិច្ចខិតខំរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនចំពោះបញ្ហាសន្តិសុខនៅក្នុងតំបន់នេះ។
កងកម្លាំងនាវាចម្បាំង USS Gerald R.Ford Strike Group បូករួមនាវាផ្ទុកយន្តហោះចម្បាំងខ្នាតយក្សរបស់អាមេរិក USS Gerald R.Ford ផងត្រូវបានដាក់ពង្រាយនៅលើដែនសមុទ្រមេឌីទែរ៉ាណេដើម្បីបំពេញកិច្ចបេសកកម្មនេះ។
លោក Austin ក៏បានប្រកាសពីជំហានដើម្បីបង្កើនកងកម្លាំងយន្តហោះចម្បាំងរបស់អាមេរិកដែលមាននៅក្នុងតំបន់ផងដែរដោយក្នុងនោះ យន្តហោះរបស់អាមេរិកដែលស្ថិតនៅមូលដ្ឋានក្នុងតំបន់មជ្ឈិមបូព៌ា ស្រាប់ក្នុងប្រតិបត្តិការដើម្បីប្រឆាំងនឹងអ៊ីរ៉ង់កន្លងមកនោះនឹងអាចយកមកប្រើប្រាស់ក្នុងកិច្ចការងារនេះថ្មី។
គួរឲ្យដឹងដែរថា សេចក្តីប្រកាសនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីសេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតី Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបើកការពិភាក្សាគ្នាជាបន្ទាន់មួយកាលពីព្រឹកថ្ងៃអាទិត្យ។
ទិន្នន័យចុងក្រោយបានបង្ហាញថា ជនជាតិអ៊ីស្រាអែលប្រមាណជាង៦០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស ខណៈដែល អ៊ីស្រាអែល បានបំផ្លាញទីតាំងជាង ៤០០ កន្លែងនៅហ្គាហ្សាជាការឆ្លើយតប។
ជនជាតិប៉ាឡេស្ទីនជាង ៣០០ នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៊ីវិលហើយប្រមាណជាជិត ២០០០នាក់បានរងរបួស៕