F-16 អាមេរិក បាញ់ទំលាក់យន្តហោះគ្មានមនុស្សបើករបស់តួគីលើដែនអាកាសស៊ីរី
បរទេស ៖ ថ្មីៗនេះមានព័ត៌មានចេញផ្សាយដោយទូរទស្សន៍ CNN បានឲ្យដឹងថា យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិកមួយគ្រឿងបានបាញ់ទំលាក់យន្តហោះដ្រូនរបស់ប្រទេសតួគីនៅលើដែនអាកាសប្រទេសស៊ីរីក្បែរទៅនឹងទីតាំងប្រតិបត្តិការនៃកងកម្លាំងយោធាអាមេរិក និងទីតាំងនៃកងកម្លាំងឧទ្ទាមឃឺដនៅស៊ីរី។
សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនបានវាយតម្លៃ និងត្រួតពិនិត្យម្តងហើយម្តងទៀតមុនការសម្រេចចិត្តបាញ់ទំលាក់ និងដោយសារយល់ឃើញថាវាគឺជាការគំរាមកំហែងដល់សុវត្ថិភាពរបស់យោធាខ្លួនផង។
មន្ត្រីរបស់អាមេរិកជាច្រើនបានអះអាងថាកងកម្លាំងយោធាអាមេរិកបានប្រកាសសញ្ញាព្រមានមួយចំនួនផងដែរទោះបីជាមិនបានបញ្ជាក់លំអិតក្តី ហើយបញ្ជាក់ទៀតថាវាគឺជាសិទ្ធិរបស់អាមេរិកក្នុងការការពារខ្លួនពីការវាយប្រហារណាមួយដោយយន្តហោះដ្រូន។
ប្រភពដដែលបានលើកឡើងដែរថាកន្លងមកយន្តហោះគ្មានមនុស្សបើកជាច្រើនបានធ្វើការហោះហើរម្តងហើយម្តងទៀតសំដៅទីតាំងមូលដ្ឋានទ័ពអាមេរិកនៅ Hasakah ប្រទេសស៊ីរី។
ជាលទ្ធផលការវាយប្រហារតាមអាកាសតួគីដែលមានគោលដៅលើតំបន់ជាច្រើនដែលគ្រប់គ្រងដោយជនជាតិឃឺដនៅភាគឦសានប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់រួមទាំងកងកម្លាំងសន្តិសុខ៦នាក់និងជនស៊ីវិល៣នាក់ផងរងរបួស ។
ហេតុការណ៍នេះហើយដែលបានធ្វើឲ្យអាមេរិកស្ថិតក្នុងស្ថានភាពស្ទាក់ស្ទើរទាំងដែលតួគីគឺជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ និងជាដៃគូដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់ក្នុងជម្លោះអ៊ុយក្រែនហើយក្នុងពេលជាមួយគ្នានោះតួគីក៏ជាដៃគូជាមួយអាមេរិកក្នុងប្រយុទ្ធប្រឆាំងក្រុមភេវរកម្ម ISIS ផងដែរ៕