មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិយាយថា ចិនមានផែនការវ៉ាជែងអាមេរិកក្លាយជាលេខមួយលើពិភពលោក
បរទេស ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានលើកឡើងថា ប្រទេសចិនកំពុងស្វះស្វែង និងខិតខំយ៉ាងខ្លាំងដើម្បីអាចយកឈ្នះអាមេរិកក្លាយខ្លួនជាមហាអំណាចកំពូលលើពិភពលោកទាំងយោធាសេដ្ឋកិច្ច និងកាទូត។
ទោះបីជាយ៉ាងណាក្តី ប្រធានាធិបតី និងមេដឹកនាំអាមេរិកមួយចំនួនកន្លងមកក៏ធ្លាប់បានវិភាគទៅលើមហិច្ឆិតារបស់រដ្ឋាភិបាលក្រុងប៉េកាំងដែរ ដោយពួកគេបានវិភាគថា ចិននឹងមានផែនការត្រឹមតែកាត់បន្ថយឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ុណ្ណោះគឺមិនមានបំណងចង់ដណ្តើមតំណែងរបស់អាមេរិកនៅក្នុងកម្រិតពិភពលោកនោះទេ។
ថ្លែងនៅក្នុងវេទិកាមួយជាមួយនឹងក្រុមអ្នកកាសែតដែលបានសាកសួរអំពីការតាំងចិត្តរបស់រដ្ឋាភិបាលចិនបច្ចុប្បន្ននោះលោក Blinken បានពោលបែបនេះថា ៖ខ្ញុំគិតថាអ្វីដែលចិនកំពុងចង់បាននោះគឺក្លាយជាលេខមួយលើពិភពលោកជំនួសអាមេរិក ហើយនេះគឺជាអ្វីដែលប្រធានាធិបតីចិន លោក Xi Jinping តែងតែព្យាយាមកន្លមក។
គួរឲ្យដឹងដែរថា លោកBlinken កន្លងមកក៏ធ្លាប់ជាបុគ្គលដែលបាននិយាយក្នុងន័យរិះគន់ដោយប្រយោលបន្ថែមទៀតអំពីប្រទេសចិនដែលមានបំណងចង់ធ្វើការកែទម្រង់សណ្តាប់ធ្នាប់អន្តរជាតិផងដែរ។
ទោះបីជាយ៉ាងណាក្តី
រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ខណៈពេលដែលខ្លួនកំពុងតែនិយាយថា បានមើលយ៉ាងច្បាស់ទៅលើបំណងរបស់ប្រទេសចិន និងចង់បង្កើនសម្ពាធឲ្យរដ្ឋាភិបាលចិនផងនោះ បែរជាបានព្យាយាមបង្កើនការសន្ទនាដើម្បីអាចបន្ធូរបន្ថយភាពតានតឹងដាក់់គ្នាទៅវិញ ដោយចុងក្រោយនេះលោក Blinken បានធ្វើទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងប៉េកាំងក្នុងខែមិថុនាជាដើម។
ជាលទ្ធផលភាពតានតឹងនៅតែមានកម្រិតខ្ពស់ ជាពិសេសលើបញ្ហានៃកោះតៃវ៉ាន់ ដែលជាដែនកោះកំពុងត្រូវបានទាមទារយ៉ាងខ្លាំងក្លាដោយរដ្ឋាភិបាលក្រុងប៉េកាំងដោយអាមេរិកនៅតែបន្តផ្គត់ផ្គង់អាវុធនិងបច្ចេកទេសជាច្រើនដល់កោះតៃវ៉ាន់ហើយចិននៅតែបន្តធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំក្បែរដែនកោះតៃវ៉ាន់ជាបន្តបន្ទាប់រហូតមក៕