អ៊ុយក្រែន បង្ខំចិត្តផ្លាស់ប្តូរទីតាំងផលិតមីស៊ីលទៅក្រៅប្រទេស
បរទេស ៖ ថ្មីៗនេះ ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Aleksey Danilov បានលើកឡើងថារដ្ឋាភិបាលទីក្រុងគៀវត្រូវបានបង្ខំចិត្តក្នុងការផ្លាស់ប្តូរទីតាំងផលិតមីស៊ីលរបស់ខ្លួននៅខាងក្រៅប្រទេសវិញ ដោយសារតែការគំរាមកំហែងនៃការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយក្រុមអ្នកកាសែតអេស្បាញ ABC ដែលបានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញនេះលោក Danilov ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការផលិតមីស៊ីលក្នុងស្រុក ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានបដិសេធមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
លោកបានពន្យល់បែបនេះថា វាគឺជាកម្មវិធីសំងាត់របស់រដ្ឋាភិបាល ហើយនឹងមិនអាចបញ្ជាក់ប្រាប់ទៅសាធារណៈឡើយដោយលើកឡើងពីមូលហេតុតែមួយគត់នៃការផ្លាស់ប្តូរទីតាំងផលិតទៅក្រៅប្រទេស គឺដោយសារតែមួយរយៈចុងក្រោយនេះ រុស្ស៊ីបានបើកការវាយប្រហារចម្ងាយឆ្ងាយសំដៅរោងចក្រផលិតអាវុធ និងឃ្លាំងអាវុធរបស់អ៊ុយក្រែនជាច្រើនដង និងច្រើនកន្លែង។
លោក Danilov បានបន្ថែមទៀតថា ៖ពេលនេះយើងបានសម្រេចចិត្តផ្លាស់ប្តូរទៅកាន់ទីតាំងផ្សេងក្នុងការផលិតមីស៊ីលដែលវាស្ថិតនៅក្រៅប្រទេស ប៉ុន្តែយើងមិនអាចបញ្ជាក់ពីឈ្មោះរបស់ប្រទេស ឬទីតាំងដែលយើងបានផ្លាស់ប្តូរនោះឡើយ។
ការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់រូបនេះបានកើតឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ចន្លោះពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែកញ្ញា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន១២លើក ទៅលើគោលដៅយោធាអ៊ុយក្រែនដែលមានដូចជា ឃ្លាំងអាវុធ និងកន្លែងរក្សាទុកមីស៊ីល និងទីតាំងផលិតមីស៊ីលជាដើម។
ដោយឡែក ការវាយប្រហាររបស់រុស្ស៊ីនោះក៏ត្រូវបានគេមើលឃើញថា បានធ្វើឡើងបន្ទាប់ពីមានការប្រកាសរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីចុងខែសីហា ដោយអះអាងថារដ្ឋាភិបាលទីក្រុងគៀវពេលនេះបានជោគជ័យក្នុងការប្រើប្រាស់អាវុធថ្មីដែលខ្លួនទើបតែបានផលិត ហើយអាចមានលទ្ធភាពវាយប្រហារក្នុងចំងាយដល់៧០០ គីឡូម៉ែត្រ។
លោក Danilov ក៏បានបន្ថែមជាចុងក្រោយទៀតថា អ៊ុយក្រែនបានសន្យាហើយថានឹងមិនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិចដើម្បីវាយប្រហារទីតាំងនានានៅក្នុងប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែលោកបានពន្យល់ថា ការអនុវត្តនេះគួរតែមិនមានបញ្ហាឡើយសម្រាប់អាវុធដែលផលិតក្នុងស្រុក៕