ធនាគារពិភពលោក ៖ ការបង្កើនគុណភាពអប់រំជាគន្លឹះនាំទៅសម្រេចគោលបំណងនៃការអភិវឌ្ឍប្រទេស
ក្រុងវ៉ាស៊ីនតោន ៖ ធនាគារពិភពលោក បានលើកឡើងកាលពីសប្តាហ៍មុន ថា ជារៀងរាល់ឆ្នាំ មានកុមារប្រហែល ១៧២លាននាក់ បានចុះឈ្មោះចូលរៀននៅកម្រិតបឋមសិក្សានៅក្នុងប្រទេសចំនួន២២ ដែលមានចំណូលមធ្យមកម្រិតមធ្យមនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក។ ការវិនិយោគទៅលើកម្រិតបឋមនៃវិស័យអប់រំ គឺជាគន្លឹះដែលនាំឱ្យមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ីបូព៌ាកន្លងមក។
យ៉ាងណាក៏ដោយ បើទោះបីជាមានភាពជឿនលឿនច្រើននៅក្នុងការចុះឈ្មោះចូលរៀនក៏ដោយ ក៏កុមារក្នុងប្រទេសមួយចំនួន និងផ្នែកខ្លះនៃបណ្តាប្រទេសមួយចំនួន នៅតែមិនទាន់ទទួលបានជំនាញអប់រំជាមូលដ្ឋាននៅឡើយទេ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក ក្រោមចំណងជើងថា “ជួសជុលមូលដ្ឋានគ្រឹះ៖ គ្រូបង្រៀន និងការអប់រំមូលដ្ឋាននៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក” (World Bank report, Fixing the Foundation: Teachers and Basic Education in East Asia and Pacific)។ នៅក្នុងប្រទេសទាំងអស់ដែលមាននៅក្នុងរបាយការណ៍នេះ គុណភាពនៃការអប់រំ នៅតាមតំបន់ជនបទ និងតំបន់ក្រីក្រ មានគុណភាពអន់ខ្សោយជាងនៅតាមតំបន់ទីក្រុង និងតំបន់អ្នកមានរស់នៅ។
របាយការណ៍នេះបាននិយាយថា ភាពក្រីក្រក្នុងការសិក្សា មានកម្រិតលើស ៥០ភាគរយនៅក្នុងប្រទេសចំនួន ១៤ ក្នុងចំណោម ២២ប្រទេស ក្នុងនោះរួមមានប្រទេសឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា ហ្វីលីពីន, និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ (ភាពក្រីក្រក្នុងការសិក្សាជាបន្ទាត់គោលសម្រាប់វាស់មើលថាតើក្មេងអាយុ ១០ ឆ្នាំម្នាក់ អាចចេះអាន និងយល់សេចក្តីក្នុងសម្ភារៈអានសមស្របតាមអាយុ បានដែរឬទេ)។ នៅប្រទេសម៉ាឡេស៊ីដែលជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ភាពក្រីក្រក្នុងការសិក្សាមានកម្រិតលើស ៤០ភាគរយ ផ្ទុយពីនៅប្រទេសជប៉ុន, សិង្ហបុរី និងសាធារណរដ្ឋកូរ៉េ ដែល ភាពក្រីក្រក្នុងការសិក្សានេះមានកម្រិតតែពី ៣ ទៅ ៤ភាគរយ ប៉ុណ្ណោះ។
ការខកខានក្នុងការបំពាក់ឱ្យសិស្សនូវជំនាញមូលដ្ឋាន ជាហេតុធ្វើឱ្យពួកគេបាត់បង់សមត្ថភាពរបស់ខ្លួនក្នុងការទទួលបានជំនាញកម្រិតខ្ពស់បន្ថែមទៀត សម្រាប់ជួយពួកគេក្នុងការប្រជែងយកឈ្នះនៅក្នុងទីផ្សារការងារ និងឱ្យរួចចាកផុតពីភាពក្រីក្រ។ ដោយសារការរៀនសូត្រជាសកម្មភាពរៀនជាបន្តបន្ទាប់ កុមារទាំងនេះជាច្រើននាក់នឹងមិនមានលទ្ធភាពអភិវឌ្ឍជំនាញរបស់ខ្លួនឱ្យមានកម្រិតខ្ពស់ថែមទៀតទេ ដែលជាតម្រូវការសម្រាប់ផ្នែកផលិតកម្មបែបនវានុវត្តន៍ និងសេវាកម្មទំនើប ដែលជាសកម្មភាពសេដ្ឋកិច្ចសម្រាប់ជំរុញផលិតភាពឈានទៅរុញប្រទេសឱ្យឡើងពីឋានៈមានចំណូលមធ្យម ទៅជាប្រទេសមានចំណូលខ្ពស់។
ពិតណាស់ មានកត្តាជាច្រើនដែលមានឥទ្ធិពលលើការសិក្សា ដូចជាប្រាក់ចំណូលគ្រួសារ, សុខភាព និងការទទួលបានសម្ភារៈសិក្សាជាដើមនៅពេលដែលកុមារចូលសាលារៀន ប៉ុន្តែគ្រូបង្រៀនជាកត្តាដែលជះឥទ្ធិពលខ្លាំងជាងគេ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យពីប្រទេសមួយចំនួនក្នុងតំបន់បង្ហាញថា គ្រូបង្រៀនច្រើនតែមានចំណេះដឹងនៅមានកម្រិតលើមុខវិជ្ជាដែលពួកគេបង្រៀន។ នៅប្រទេសឡាវ មានតែ ៨ភាគរយនៃគ្រូបង្រៀនថ្នាក់ទី ៤ ប៉ុណ្ណោះដែលទទួលបានពិន្ទុ ៨០ ភាគរយ ឬខ្ពស់ជាងនេះលើការវាយតម្លៃគណិតវិទ្យាថ្នាក់ទី ៤។ នៅប្រទេសឥណ្ឌូនេស៊ី ដូចគ្នាដែរ គឺមានតែ ៨ភាគរយនៃគ្រូបង្រៀនថ្នាក់ទី ៤ ប៉ុណ្ណោះដែលទទួលបានពិន្ទុ ៨០ភាគរយ ឬខ្ពស់ជាងនេះ លើការវាយតម្លៃជំនាញភាសាឥណ្ឌូនេស៊ីដែលពួកគេបង្រៀន។ ទិន្នន័យក៏បានបង្ហាញដែរថា អវត្តមានរបស់គ្រូបង្រៀន
ក៏ជាបញ្ហាក្នុងប្រទេសមួយចំនួននៅក្នុងតំបន់ដែរ។ អាស្រ័យហេតុនេះហើយបានជារបាយការណ៍នេះផ្តោតលើគ្រូបង្រៀន និងលើវិធីសម្រាប់គាំទ្រដល់គ្រូបង្រៀន និងពង្រឹងគុណភាពនៃការបង្រៀនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
លោកស្រី ម៉ានូអែលឡា វ. ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅតែជាតំបន់មួយក្នុងចំណោមតំបន់ដែលមានការលូតលាស់ និងសកម្មស្វាហាប់ជាងគេបំផុតក្នុងពិភពលោក។ ដើម្បីទ្រទ្រង់ដល់សភាពស្វាហាប់នេះ និងបង្កលទ្ធភាពឱ្យកុមារបច្ចុប្បន្នទទួលបានការងារ និងជីវភាពរស់នៅកាន់តែប្រសើរឡើងនៅពេលពួកគេក្លាយខ្លួនមនុស្សពេញវ័យដែលមានផលិតភាព ចាំបាច់ត្រូវធ្វើយ៉ាងណាឱ្យកុមារទទួលបាននូវការបង្រៀនមានគុណភាពខ្ពស់ ដែលកសាងបាននូវជំនាញជាមូលដ្ឋានសម្រាប់ការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ។”