Close

រុស្ស៊ី ត្រៀមខ្លួនចរចាសន្តិភាព ប៉ុន្តែមិនទទួលយកបទឈប់បាញ់

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រុស្ស៊ី ត្រៀមខ្លួនចរចាសន្តិភាព ប៉ុន្តែមិនទទួលយកបទឈប់បាញ់ រុស្ស៊ី ត្រៀមខ្លួនចរចាសន្តិភាព ប៉ុន្តែមិនទទួលយកបទឈប់បាញ់

បរទេស ៖ លោក Sergei Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាជាមួយនឹងអ៊ុយក្រែន ប៉ុន្តែដាច់ខាតនឹងមិនពិចារណាលើសំណើណាមួយសម្រាប់បទឈប់បាញ់នោះទេ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កសហរដ្ឋអាមេរិកដោយមានការចូលរួមពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ផងនោះ លោក Lavrov ក៏បានអះអាងដែរថា គ្មាននរណាម្នាក់នៅលោកខាងលិចចង់បង្ហាញការយល់ដឹងគ្រប់គ្រាន់អំពីសង្គ្រាមនៅអ៊ុយក្រែននោះទេ ហើយដោយពួកគេបានបង្ហាញបំណងថាចង់ដោះស្រាយបញ្ហានៅលើសមរភូមិ វាមានន័យថាការបញ្ចប់ជម្លោះគឺមានតែនៅលើសមរភូមិប៉ុណ្ណោះ។

បន្ថែមពីនេះលោក រដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា រូបមន្តសន្តិភាពដែលបង្កើតឡើងប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky គឺពិតជាមិនអាចអនុវត្តបាន ហើយសុទ្ធតែបានដឹងគ្រប់គ្នារួចទៅហើយ។

នៅក្នុងសុន្ទរកថានោះផងដែរ លោក Lavrov បានហៅលោកខាងលិចថាជា អាណាចក្រនៃការភូតកុហក ពីព្រោះតែប្រទេសលោកខាងលិចបានបង្ហាញថាខ្លួនមានកាតព្វកិច្ចជាច្រើន ប៉ុន្តែជាក់ស្តែងពួកគេមិនបានបំពេញបានកិច្ចការងារណាមួយនោះទេ។

មិនត្រឹមតែបញ្ហាបទឈប់បាញ់នោះទេ ក្នុងនោះផងដែរ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានបិទលទ្ធភាពដែលរុស្ស៊ីវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅវិញ ដោយនិយាយថា វិមានក្រឹមឡាំងតែងតែមានអារម្មណ៍ថាខ្លួនត្រូវបានគេបោកបញ្ឆោតម្តងហើយម្តងទៀតរហូតមក។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលបានធ្វើការលើកឡើងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក៏ថែមទាំងបានអំពាវនាវដែរថា គណៈកម្មការអឺរ៉ុបគួរតែទិញកសិផលរបស់ប្រទេសអ៊ុយក្រែន ដែលប្លុកអឺរ៉ុបធ្លាប់អះអាងថាមិនត្រូវការនោះ និងបញ្ជូនវាទៅបណ្តាប្រទេសអាហ្វ្រិកជំនួសវិញគឺជារឿងដែលល្អប្រសើរជាង៕

អត្ថបទទាក់ទង