Close

បារាំង នឹងបញ្ជូនកងកម្លាំងបន្ថែមទៅក្បែរព្រំដែនអ៊ីតាលីឆ្លើយតបនឹងវិបត្តិចំណាកស្រុក

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
បារាំង នឹងបញ្ជូនកងកម្លាំងបន្ថែមទៅក្បែរព្រំដែនអ៊ីតាលីឆ្លើយតបនឹងវិបត្តិចំណាកស្រុក បារាំង នឹងបញ្ជូនកងកម្លាំងបន្ថែមទៅក្បែរព្រំដែនអ៊ីតាលីឆ្លើយតបនឹងវិបត្តិចំណាកស្រុក

បរទេស ៖ ស្ថានភាពនៃសកម្មភាពធ្វើចំណាកស្រុកក្បែរទៅនឹងព្រំដែនជាមួយនឹងប្រទេសអ៊ីតាលីបានបង្ខំឲ្យរដ្ឋាភិបាលទីក្រុងប៉ារីសក្នុងការដាក់ពង្រាយកងកម្លាំងរបស់ខ្លួនជាច្រើនដោយសង្ឃឹមថានឹងអាចឆ្លើយតបទៅនឹងវិបត្តិដ៏សំខាន់មួយនេះ។

សារព័ត៌មានក្នុងស្រុករបស់បារាំង និងអ៊ីតាលីបានរាយការណ៍អំពីប្រតិបត្តិការដាក់ពង្រាយរបស់បារាំងដែលរួមមានទាំងការចល័តឧទ្ធាម្ភាចក្រផងនៅតំបន់ព្រំដែន ក៏ដូចជាអង្គភាពប៉ូលីសប្រយុទ្ធប្រឆាំងទៅនឹងក្រុមភេរវកម្ម។

នៅក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃអង្គារ Europe 1 បានអះអាងថា ទាហានមកពីកងវរសេនាធំ Alpine Hunters នឹងត្រូវដាក់ពង្រាយ និងល្បាតនៅលើភ្នំនៅជ្រលងភ្នំ Roya ដោយក្នងនោះប៉ូលីសបម្រុងចំនួន៦០នាក់នឹងត្រូវបានដាក់ពង្រាយទៅជាមួយនឹងកងកម្លាំងសន្តិសុខដែលមានវត្តមានរួចហើយនៅក្នុងតំបន់នេះ។

នៅក្នុងបទសម្ភាសន៍ជាមួយនឹង Europe 1 ដដែលនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បាននិយាយថា ទីក្រុងប៉ារីសចង់ ជួយប្រទេសអ៊ីតាលី ដើម្បីធានាព្រំដែនរបស់ខ្លួនដោយបន្ថែមថា៦០ភាគរយនៃជនចំណាកស្រុកដែលមកដល់ប្រទេសនេះមិនមានសិទ្ធិជ្រកកោននោះទេ។

រំលឹកដែរថា កាលពីសប្តាហ៍មុន កាសែត Die Welt របស់ប្រទេសអាល្លឺម៉ង់ ដែលដកស្រង់សម្តីតំណាងក្រសួងមហាផ្ទៃអាល្លឺម៉ង់បានអះអាងថា ប្រទេសនេះបានផ្អាកជាបណ្តោះអាសន្ននូវការទទួលយកជនចំណាកស្រុកដែលចូលមកតាមប្រទេសអ៊ីតាលី។

កាលពីខែមុនក្រសួងមហាផ្ទៃអ៊ីតាលីបានលាតត្រដាងនូវតួលេខនៃជនអន្តោប្រវេសន៍ខុសច្បាប់ដែលមានចំនួនដល់ទៅ ៨៩,១៥៨នាក់បានឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេដោយជោគជ័យគិតចាប់តាំងពីដើមឆ្នាំនេះ ពោលគឺកើនឡើងយ៉ាងខ្លាំង១១៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ គិតត្រឹមខែមេសាប៉ុណ្ណោះ ទីក្រុងរ៉ូមបានប្រកាសភាពអាសន្ននៅក្នុង ឆ្លើយតបទៅនឹងការកើនឡើងនៃជនចំណាកស្រុកថ្មីៗទាំងនោះ៕

អត្ថបទទាក់ទង