Close

ឯកឧត្តម ឌិត ទីណា ៖ គោលជំហរនាំចេញអង្ករពីកម្ពុជា ផ្តោតទៅលើគុណភាព និងរសជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ឯកឧត្តម ឌិត ទីណា ៖ គោលជំហរនាំចេញអង្ករពីកម្ពុជា ផ្តោតទៅលើគុណភាព និងរសជាតិ ឯកឧត្តម ឌិត ទីណា ៖ គោលជំហរនាំចេញអង្ករពីកម្ពុជា ផ្តោតទៅលើគុណភាព និងរសជាតិ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គោលជំហររបស់កម្ពុជា ក្នុងការនាំចេញអង្ករពីកម្ពុជា ផ្តោតទៅលើគុណភាព និងរសជាតិ ដែលមានតម្លៃខ្ពស់ទៅកាន់ទីផ្សារនៃប្រទេសហុងកុង ផ្តល់ប្រាក់ចំណេញច្រើនដល់អ្នកនាំចូល និងមិនផ្តោតលើប្រកួតប្រជែងតែខាងផ្នែកបរិមាណនោះទេ។

ការបញ្ជាក់របស់ ឯកឧត្តម ឌិត ទីណា នេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពេលឯកឧត្តមបានទទួលជួបសម្តែងការគួរសមរបស់គណៈប្រតិភូក្រុមហ៊ុន Pricerite Group Limited មកពីទីក្រុងហុងកុង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូក្រុមហ៊ុនបានបង្ហាញពីការចាប់អារម្មណ៍ និងភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ ដោយសារវត្តមានរបស់អង្ករកម្ពុជានៅក្នុងទីក្រុងហុងកុងកំពុងត្រូវបានគេទទួលស្គាល់ថាជាអង្ករដែលមានគុណភាពល្អ មានរសជាតិឆ្ងាញ់ ព្រមទាំងជាអង្ករដែលបានឈ្នះពានរង្វាន់ដល់ទៅ៥ដងផងដែរ។

នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា បានលើកទឹកចិត្តឲ្យខាងក្រុមហ៊ុនជំរុញការនាំចូលអង្ករសែនក្រអូប និងផ្តារំដួល ដែលជាប្រភេទអង្ករយុទ្ធសាស្ត្ររបស់កម្ពុជា ដោយបង្កើនការផ្សព្វផ្សាយនិងភាពទាក់ទាញ ដើម្បីធ្វើទីផ្សារអង្ករកម្ពុជាមានតម្រូវការទូលំទូលាយពីអ្នកបរិភោគនៅហុងកុង ឈានទៅទទួលបានការគាំទ្រនៅលើទីផ្សារ និងមានម៉ាកសញ្ញាដែលបង្ហាញពីអត្តសញ្ញាណនៃអង្ករកម្ពុជាមួយពិតប្រាកដ។

ការងារនេះក៏នឹងត្រូវមានការចូលរួមសហការយ៉ាងជិតស្និទ្ធពីវិស័យឯកជននៅកម្ពុជាផងដែរ ដូចជាសហព័ន្ធស្រូវអង្ករជាដើម៕

អត្ថបទទាក់ទង